ការកសាងតំបន់ហ្គាហ្សាឡើងវិញ ទាមទារហិរញ្ញប្បទានជាទឹកប្រាក់ចំនួន ៧០ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ -- លោក ចាកូ ស៊ីលីយើរស៍(Jaco Cilliers) អ្នកតំណាងពិសេសសម្រាប់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៃកម្មវិធីជំនួយដល់ប្រជាជនប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអង្គារថា ការកសាងឡើងវិញនូវតំបន់ហ្គាហ្សាស្ទ្រីបនឹងតម្រូវឱ្យមានហិរញ្ញប្បទានចំនួន ៧០ពាន់លានដុល្លារអាម៉េរិក។
លោក ស៊ីលីយើរស៍ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ទីភ្នាក់ងារ UNDP មិនអាចផ្តល់ប៉ាន់ស្មានចំពោះពេលវេលាសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្គាហ្សាស្រ្ទីបបានទេ ដោយសារវាអាស្រ័យទៅលើចំនួនថវិកាដែលទទួលបាន ប៉ុន្តែបានកត់សម្គាល់ថា វាអាចចំណាយពេល «រាប់ទសវត្សរ៍»។
យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារ UNDP បានឱ្យដឹងថា យ៉ាងហោចណាស់កម្ទេចថ្មចំនួន ៥០លានតោនត្រូវតែរុះរើនៅក្នុងតំបន់ហ្គាហ្សា ហើយសាកសពជនជាតិប៉ាឡេស្ទីនដែលបានស្លាប់អាចត្រូវបានរកឃើញនៅក្រោមកំទេចកំទីទាំងនោះ។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) លោក គ្រីស្ទៀន ខាដុន (Christian Cardon)បាននិយាយថា តំបន់ហ្គាហ្សាស្ទ្រីបនៅតែមិនទទួលបានជំនួយមនុស្សធម៌គ្រប់គ្រាន់ ដោយសារមិនទាន់មានច្រកឆ្លងកាត់ទាំងអស់នៅឡើយ។
ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ អ្នកនាំពាក្យរូបនេះបាននិយាយថាមានតែឡានដឹកទំនិញពីរបីគ្រឿងប៉ុណ្ណោះដែលដឹកជំនួយមនុស្សធម៌អាចចូលទៅកាន់តំបន់ហ្គាហ្សាបាន ដោយលោកបានកត់សម្គាល់ថា ជំនួយទាំងនោះមិនទាន់បានកើនឡើងដល់ចំនួន ៦០០ឡានដែលជាតម្រូវការនៅឡើយទេ។ លោក ខាដុន បានបន្ថែមថា បញ្ហាគឺសន្តិសុខនៅតាមផ្លូវចូលទៅក្នុងតំបន់ហ្គាហ្សា ហើយការពិតដែលថាមិនទាន់មានច្រកឆ្លងកាត់ទាំងអស់ត្រូវបានបើកនៅឡើយទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





