ឥណ្ឌូណេស៊ីនឹងបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតត្រឹមឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ -- ឥណ្ឌូណេស៊ីគ្រោងនឹងបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៦ បន្ទាប់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការអនុវត្តអាណត្តិចំហេះ B50។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក បាលីល ឡហាដាលីយ៉ា (Bahlil Lahadalia)។
B50 គឺជាការលាយប្រេងម៉ាស៊ូតដែលអាចកកើតឡើងវិញបានដែលមានប្រេងដូងឆៅ ៥០% (CPO) និងប្រេងម៉ាស៊ូតហ្វូស៊ីលធម្មតា ៥០%។បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីកំពុងធ្វើនូវដំណាក់កាលចុងក្រោយនៃការធ្វើតេស្តផ្លូវថ្នល់ B50 ការឆ្លងកាត់យានយន្ត និងឧបករណ៍ផ្សេងៗទៀត។
រយៈពេលនៃការធ្វើតេស្តនេះត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលពី ៦ខែទៅ ៨ខែ ហើយរួមបញ្ចូលទាំងការសាកល្បងលើម៉ាស៊ីននាវា រថភ្លើង ឧបករណ៍ធុនធ្ងន់ និងគ្រឿងម៉ាស៊ីនផ្សេងទៀត។
លោករដ្ឋមន្ត្រីបាននិយាយថា «នៅពេលដែលការធ្វើតេស្តត្រូវបានបញ្ចប់ និងច្បាស់លាស់ យើងនឹងធ្វើសេចក្តីសម្រេចសម្រាប់ការអនុវត្តB50»។ នេះបើយោងតាមការលើកឡើងដោយទីភា្នក់ងារសារព័ត៌មានANTARA។
យោងតាមលោករដ្ឋមន្រ្តី បានឱ្យដឹងថា កម្មវិធី B50 គឺជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅរកការសម្រេចបាននូវអធិបតេយ្យភាពថាមពលជាតិជាមួយនឹងគោលដៅចុងក្រោយ គឺការលុបបំបាត់ការនាំចូលប្រេងម៉ាស៊ូត។ការផ្លាស់ប្តូរទៅ B50 មិនត្រឹមតែជួយប្រទេសឥណ្ឌូណេស៊ីក្នុងការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសក្តានុពលនៃប្រេងដូងដែលផលិតក្នុងស្រុក ពង្រឹងជីវភាពកសិករ និងធានាដល់សន្តិសុខថាមពលផងដែរ។
ក្នុងអំឡុងពេលឆ្នាំ២០២០-២០២៥ ការប្រើប្រាស់ជីវឥន្ធនៈបានជួយដល់ប្រទេសឥណ្ឌូណេស៊ីសន្សំថវិកាបានចំនួន ៤០,៧១ពាន់លានដុល្លារអាម៉េរិក។ការអនុវត្តកម្មវិធី B50 ចាប់ពីឆ្នាំ២០២៦ ត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់សន្សំប្រចាំឆ្នាំបន្ថែមទៀតប្រមាណ ១០,៨៤ពាន់លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន ឥណ្ឌូណេស៊ីនៅតែនាំចូលប្រេងម៉ាស៊ូតប្រមាណ ៤,៩លានគីឡូលីត្រ ស្មើនឹង ១០,៥៨% នៃតម្រូវការក្នុងស្រុកសរុប។ នៅពេលដែលកម្មវិធី B50 ត្រូវបានដាក់ឱ្យដំណើរការពេញលេញ បរិមាណនាំចូលនេះនឹងត្រូវបានជំនួសទាំងស្រុងដោយការផ្គត់ផ្គង់ក្នុងស្រុក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





