លោក ដូណាល់ ត្រាំ៖ ការបញ្ចប់ជម្លោះនៅអ៊ុយក្រែនប្រែទៅជាពិបាកជាងការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ពីមុនជឿជាក់ថា ការបញ្ចប់ជម្លោះនៅអ៊ុយក្រែននឹងមានភាពងាយស្រួលជាងការឈានដល់កិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនៅតំបន់ហ្គាហ្សាស្ទ្រីប។
លោកបាននិយាយនៅក្នុងសភា Knesset របស់អ៊ីស្រាអែលថា «ខ្ញុំគិតថា វានឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួល។ ខ្ញុំគិតថាវានឹងមានភាពងាយស្រួលជាងការដែលយើងធ្វើ ដែលទើបតែទទួលបានជោគជ័យជាមួយអ៊ីស្រាអែល»។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានហៅបេសកជនពិសេសរបស់លោកគឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) ថា ជាអ្នកចរចាដ៏អស្ចារ្យ ហើយបាននិយាយថា ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់លោកទេ សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង។ លោក ត្រាំ សង្ឃឹមថា ជម្លោះនៅអ៊ុយក្រែននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់បានបន្តកិច្ចចរចាដោយប្រយោល ស្តីពីការដោះស្រាយស្ថានការណ៍នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយមានការសម្របសម្រួលពីអេហ្ស៊ីប កាតាសហរដ្ឋអាមេរិក និងតួកគី។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់លោក ត្រាំ។ កិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា បានចូលជាធរមាននៅម៉ោង១២:០០ថ្ងៃត្រង់ (ម៉ោងនៅទីក្រុងម៉ូស្គូ) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍





