ប្រធានាធិបតីតួកគីទៅដល់អេហ្ស៊ីបដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បានទៅដល់ប្រទេសអេហ្ស៊ីបហើយកាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពដែលបានគ្រោងទុកនៅទីក្រុងស្សាមអ៊ែល-ស្សៀកនៅតំបន់សមុទ្រក្រហម។
លោកត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌អេហ្ស៊ីប លោក អាម៉េដ ហ្វូអាដ ហាន់ណូ (Ahmed Fouad Hanno)រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក អាស្សរ៉ាហ្វ សុបហ៊ី (Ashraf Sobhy) ឯកអគ្គរដ្ឋទូតតួកគីប្រចាំទីក្រុងគែរ លោក សាលី មុតលូ សេន(Salih Mutlu Sen) និងបុគ្គលិកស្ថានទូត។
អមដំណើរលោក អឺដូហ្គែន រួមមានរដ្ឋមន្ត្រីការបរទេសតួកគី លោកហាកាន់ ហ្វីដាន់ (Hakan Fidan) ប្រធានអង្គការស៊ើបការណ៍សម្ងាត់ជាតិ(MIT) លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) នាយកទំនាក់ទំនងលោក បឺហាណេទីន ឌូរ៉ាន់ (Burhanettin Duran) និងប្រធានគោលនយោបាយការបរទេស និងទីប្រឹក្សាសន្តិសុខ លោក អាគីហ្វ កាហ្កាតាយ គីលីក (Akif Cagatay Kilic)។
លោក អឺដូហ្គែន ដែលបានទៅដល់ទីក្រុងស្សាមអ៊ែល-ស្សៀក តាមការអញ្ជើញរបស់ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បន្ទាប់មកបានបន្តដំណើរជាមួយគណៈប្រតិភូរបស់លោកទៅកាន់មជ្ឈមណ្ឌលសន្និបាតអន្តរជាតិ ជាកន្លែងដែលកិច្ចប្រជុំកំពូលនឹងធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅហ្គាហ្សា។
ប្រធានាធិបតីតួកគីត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្សាមអ៊ែល-ស្សៀក និងធ្វើកការពិគ្រោះយោបល់ជាមួយបណ្តាមេដឹកនាំមកពីប្រទេសដែលចូលរួមក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនោះ។
មេដឹកនាំពិភពលោកជាង ២០រូបត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលស្សាមអ៊ែល-ស្សៀក ដែលនឹងធ្វើជាសហប្រធានដោយលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ អាល់-ស៊ីស៊ី។
អេហ្ស៊ីបបាននិយាយថា កិច្ចប្រជុំកំពូលនេះមានគោលបំណង «បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ា និងដឹកនាំនូវដំណាក់កាលថ្មីនៃសន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចូលជាធរមានកាលពីថ្ងៃសុក្រ ក្រោមផែនការរបស់លោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមអ៊ីស្រាអែលរយៈពេលពីរឆ្នាំនៅក្នុងតំបន់ហ្គាហ្សា។
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៧.៨០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ដែលបន្សល់ទុកនូវតំបន់នេះស្ទើរតែគ្មានមនុស្សរស់នៅ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





