លោក ដូណាល់ ត្រាំ៖ សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបញ្ចប់ជាផ្លូវការហើយ ខណៈដែលក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទថាសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបញ្ចប់ជាផ្លូវការហើយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបញ្ចប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំង ២០នាក់ដែលពួកគេត្រូវបានឃុំខ្លួននៅក្នុងតំបន់ឡោមព័ទ្ធឆ្នេរសមុទ្រ។
នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើសង្រ្គាមបានបញ្ចប់ឬអត់? លោក ត្រាំ បាននិយាយយ៉ាងខ្លីថា «បាទ!» ខណៈដែលលោកបានរៀបចំដើម្បីនិយាយទៅកាន់សមាជិកសភាអ៊ីស្រាអែល Knesset។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានអាណាដូលូ (Anadolu) របស់តួកគី បានឱ្យដឹងថា ក្រុមយោធារបស់ក្រុមហាម៉ាស់ គឺក្រុម Al-Qassam Brigades កាលពីថ្ងៃចន្ទ បានបញ្ចប់នូវការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ២០នាក់ដែលនៅរស់រានមានជីវិត។
ចំណាប់ខ្មាំងទាំងនោះត្រូវបានប្រគល់ទៅឱ្យក្រុមការងារកាកបាទក្រហមជាពីរក្រុមនៅតំបន់ហ្គាហ្សាស្ទ្រីប។
នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ២០ចំណុចរបស់លោក ដូណាល់ ត្រាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន១.៩៦៨នាក់ រួមទាំង ២៥០នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតក៏កំពុងដំណើរការផងដែរ។
ការដោះលែងអ្នកទោសប៉ាឡេស្ទីនក៏បានចាប់ផ្តើមផងដែរ ខណៈដែលរថយន្តក្រុងបានដឹកពួកគេចាកចេញពីពន្ធនាគារអ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សា និងតំបន់វេសប៊ែង។ នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយអ្នកទោសប៉ាឡេស្ទីនបានចេញផ្សាយកាលពីថ្ងៃចន្ទ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





