ឥណ្ឌូណេស៊ីបង្ហាញផែនទីបង្ហាញផ្លូវសេដ្ឋកិច្ចថ្មីនៅក្នុងវេទិកាវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ -- កិច្ចប្រជុំកំពូលវិនិយោគិនប្រចាំថ្ងៃ (IDS) ដែលជាវេទិកាវិនិយោគប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា កាលពីថ្ងៃទីសប្តាហ៍មុន ដោយប្រមូលផ្តុំវិនិយោគិន អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំធុរកិច្ច និងអ្នកសេដ្ឋកិច្ចសកលលោកចូលរួមជាច្រើន។
ក្រោមប្រធានបទ «សណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មី» កិច្ចប្រជុំកំពូលនេះបានស្វែងយល់ពីរបៀបដែលឥណ្ឌូណេស៊ីអាចការពារសេដ្ឋកិច្ចរបស់ខ្លួន និងរក្សាភាពប្រកួតប្រជែង ចំពេលដែលកំពុងមានភាពមិនច្បាស់លាស់ជាសកល និងការតម្រឹមឡើងវិញនៅក្នុងលំហូរពាណិជ្ជកម្ម និងការវិនិយោគ។
នៅក្នុងសម័យប្រជុំពេញអង្គ ស្តីពីផែនទីបង្ហាញផ្លូវរបស់ប្រទេសឥណ្ឌូណេស៊ីឆ្ពោះទៅរកសណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មី នៅក្នុងវេទិកានោះ រដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Danantara Indonesia Dony Oskaria បានបញ្ជាក់ពីការគាំទ្ររបស់មូលនិធិសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចដ៏ទូលំទូលាយបន្ថែមទៀត។
ទន្ទឹមនឹងនោះដែរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (KADIN) លោក អាស់ចាដ រ៉ាស់ជីដ (Arsjad Rasjid) បាននិយាយថា ការវិភាគគោលនយោបាយ និងយុទ្ធសាស្ត្រនាពេលអនាគត នឹងជួយបញ្ជាក់ពីទស្សនវិស័យសេដ្ឋកិច្ច និងគន្លងនៃការអភិវឌ្ឍរបស់ប្រទេសឥណ្ឌូណេស៊ី ចំពេលដែលកំពុងមានការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ចពិភពលោកយ៉ាងឆាប់រហ័ស។
វេទិកាវិនិយោគប្រចាំឆ្នាំនេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីលើកកម្ពស់កិច្ចសន្ទនាបើកចំហ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកលដែលកាន់តែស្មុគស្មាញ។ កិច្ចពិភាក្សានៅក្នុងឆ្នាំនេះគ្របដណ្តប់ទៅលើវិស័យអាទិភាពសេដ្ឋកិច្ចជាតិជាច្រើន រួមទាំងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ការធានាសន្តិសុខស្បៀង ការបង្កើនប្រសិទ្ធភាពថាមពល និងការអភិវឌ្ឍធនធានធម្មជាតិជាដើម។
នៅក្នុងសុន្ទរកថាបិទវេទិកានោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក ពូបាយ៉ា យុដឌី សាដេវ៉ា (Purbaya Yudhi Sadewa) បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំពេលដែលកំពុងមានកំណែទម្រង់របស់ប្រទេសជាតិ និងការទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ៨% ដែលកំណត់ដោយលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





