កិច្ចសហប្រតិបត្តិការអាស៊ាន+៣ ជួយផ្តល់អំណាចដល់ស្ត្រីតាមរយៈឌីជីថលនីយកម្ម
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ -- អាស៊ាន និងដៃគូចំនួនបី គឺចិន កូរ៉េខាងត្បូង និងជប៉ុន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈឌីជីថលនីយកម្ម។ នេះបើយោងតាមការឱ្យដឹងពីអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់របស់ប្រទេសម៉ាឡេស៊ី លោកស្រី រូបៀ វ៉ាង (Rubiah Wang) ដែលបាននិយាយកាលពីពេលថ្មីៗនេះនៅក្នុងវេទិកាអាស៊ាន+៣ ស្តីពីស្ត្រី និងឌីជីថល នៅទីក្រុងគូឡាឡាំពួរ។
នៅក្នុងសុន្ទរកថា លោកស្រី វ៉ាង បានស្នើផ្នែកសំខាន់បីនៃកិច្ចសហប្រតិបត្តិការសម្រាប់ផ្លូវឆ្ពោះទៅមុខក្នុងតំបន់ក្នុងការគាំទ្រដល់ការពង្រឹងអំណាចរបស់ស្ត្រីតាមរយៈបច្ចេកវិទ្យា ដោយផ្តោតសំខាន់ទៅលើការកសាងសមត្ថភាព នវានុវត្តន៍ និងវេទិកាឆ្លងព្រំដែន។
ទាក់ទងនឹងការកសាងសមត្ថភាព ប្រទេសនានាគួរតែចែករំលែកកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីរៀនអក្ខរកម្មឌីជីថល ដូច្នេះស្ត្រីនៅតាមជនបទអាចទទួលបានអត្ថប្រយោជន៍ពីការអនុវត្តល្អបំផុត។
សម្រាប់មជ្ឈមណ្ឌលផ្តល់មូលនិធិ និងនវានុវត្តន៍ ចាំបាច់ត្រូវស្វែងរកការគាំទ្រដ៏មានសក្តានុពលសម្រាប់ការចាប់ផ្តើមអាជីវកម្ម សហករណ៍ និងសហគ្រាសដែលដឹកនាំដោយស្ត្រី ដែលមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការណែនាំកាន់តែងាយស្រួល។
ទន្ទឹមនឹងនោះដែរ ការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនអាចផ្តល់ឱ្យសហគ្រិនស្ត្រីនៅតាមជនបទចូលទៅកាន់ទីផ្សារធំជាងនេះ មិនត្រឹមតែក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អាស៊ីបូព៌ាផងដែរ ដោយលោកស្រីបាននិយាយបន្ថែមថា គ្មានប្រទេសណាអាចជោគជ័យតែម្នាក់ឯងបានទេ ដោយសារឌីជីថលនីយកម្មដំណើរការលឿន ហើយកិច្ចសហការគ្នាគឺជាគន្លឹះសំខាន់។
លោកស្រី វ៉ាង ក៏បានបញ្ជាក់សារជាថ្មីផងដែរអំពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងដៃគូបូកបីរបស់ខ្លួនក្នុងការកសាងអនាគតឌីជីថលដែលមិនទុកស្ត្រី គ្រួសារ ឬសហគមន៍ចោល៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





