សហភាពអឺរ៉ុបនឹងស៊ើបអង្កេតលើប្រទេសហុងគ្រីជុំវិញសកម្មភាពចារកម្មនៅទីក្រុងព្រុចសែល
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានឱ្យដឹងថា គណៈកម្មការសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាប្រទេសហុងគ្រីបានធ្វើសកម្មភាពចារកម្មនៅទីក្រុងព្រុចសែល។
របាយការណ៍ស៊ើបអង្កេតរួមមួយរបស់ប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសហុងគ្រី អាល្លឺម៉ង់ និងបែលហ្ស៊ិក បានអះអាងថា ប្រទេសហុងគ្រីត្រូវបានគេសង្ស័យថាបានបង្កើតបណ្តាញចារកម្មនៅទីក្រុងព្រុចសែលដើម្បីតាមដានការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU)។
យោងតាមរបាយការណ៍បានឱ្យដឹងថា ភ្នាក់ងារដែលត្រូវបានចោទប្រកាន់ថាបានដំណើរការក្រោមការគ្របដណ្តប់នៃតំណាងអចិន្ត្រៃយ៍របស់ប្រទេសហុងគ្រីទៅកាន់សហភាពអឺរ៉ុប ដោយផ្តោតលើសមាជិកប្រទេសហុងគ្រីនៅក្នុងគណៈកម្មាការសហភាពអឺរ៉ុប ហើយឯកសាររសើបទាក់ទងនឹងប្រទេសហុងគ្រីត្រូវបានរៀបចំ និងពិភាក្សានៅទីនោះ។
យោងតាមសារព័ត៌មានហុងគ្រី Index បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ផេទឺ ហ្សីចចារតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនបានដឹងអំពីករណីចារកម្មនៅទីក្រុងប្រ៊ុចសែលដែលត្រូវបានចោទប្រកាន់នោះទេ ហើយលោកបានច្រានចោលការអះអាងនេះថាគ្មានមូលដ្ឋានច្បាស់លាស់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





