រដ្ឋមន្ដ្រីការបរទេសចិន៖ កិច្ចសហប្រតិបត្តិការចិន-អ៊ីតាលី មានចំណុចលេចធ្លោ និងអត្ថប្រយោជន៍ទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយកាលពីថ្ងៃពុធថា កិច្ចសហប្រតិបត្តិការចិន-អ៊ីតាលីគឺពោរពេញទៅដោយចំណុចលេចធ្លោ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោក វ៉ាង ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំរួមលើកទី១២ នៃគណៈកម្មាធិការរដ្ឋាភិបាលចិន-អ៊ីតាលីជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសអ៊ីតាលី លោក អានតូញ៉ូ តាចានី (Antonio Tajani) ជាកន្លែងដែលលោកបាននិយាយយ៉ាងច្រើនអំពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការចិន-អ៊ីតាលី លើវិស័យផ្សេងៗនៅក្នុងសុន្ទរកថាបញ្ចប់របស់លោក។
លោក វ៉ាង បានកត់សម្គាល់ថា ប្រទេសចិន និងអ៊ីតាលីបានអនុវត្តន៍យ៉ាងសកម្មនូវការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរចាប់តាំងពីឆ្នាំមុន។ ឆ្លៀតក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងអ៊ីតាលីក្នុងឆ្នាំនេះ ប្រទេសទាំងពីរបានពង្រីកជាលំដាប់នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ដោយមានចំណុចសំខាន់ៗជាច្រើន។
លោក វ៉ាង បាននិយាយថា ប្រទេសចិន និងអ៊ីតាលី គឺជាប្រទេសសេដ្ឋកិច្ចធំពីរដែលគាំទ្រពាណិជ្ជកម្មសេរី មានកម្លាំងសំខាន់ពីរដែលការពារពហុភាគីនិយម និងអរិយធម៌បុរាណពីរដែលតស៊ូមតិការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក។
លោកបាននិយាយថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន និងសុខុមាលភាពរបស់ប្រជាជនទាំងពីរជាមួយនឹងសមិទ្ធិផលកិច្ចសហប្រតិបត្តិការដ៏សម្បូរបែប៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





