ប៊ុលហ្គារីត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីសកម្មភាពប្រឆាំងនឹងការជួញដូរមនុស្ស(GRETA) បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយនៅក្នុងការសន្និដ្ឋានរបស់របាយការណ៍នោះបានកត់សម្គាល់ថា ប៊ុលហ្គារីត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កាការជួញដូរមនុស្ស និងការពារជនរងគ្រោះ។
ឯកសារនេះពិនិត្យទៅលើដំណើរការរបស់ប៊ុលហ្គារី ចាប់តាំងពីរបាយការណ៍មុនកាលពីក្នុងឆ្នាំ២០២១ ហើយទទួលស្គាល់ថា អាជ្ញាធរបានចាត់វិធានការនានា ប៉ុន្តែ អនុសាសន៍មួយចំនួនមិនត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ ជំហានវិជ្ជមានរួមមាន ការកើនឡើងនៃថវិការបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាការណែនាំដែលត្រូវបានដាក់ចេញដោយស្ថាប័នអយ្យការសម្រាប់រៀបចំដំណើរការបុរេជំនុំជម្រះសម្រាប់ករណីជួញដូរមនុស្ស។
ក្រុមអ្នកជំនាញជំរុញឱ្យអាជ្ញាធរប៊ុលហ្គារីធានាថា វិធានការជំនួយដែលបានផ្តល់ជូននៅក្នុងអនុសញ្ញាក្រុមប្រឹក្សាអឺរ៉ុប ស្តីពីសកម្មភាពប្រឆាំងនឹងការជួញដូរមនុស្ស និងដោយច្បាប់របស់ប៊ុលហ្គារី ត្រូវបានអនុវត្តពេញលេញ។ក្រុមអ្នកជំនាញ GRETA អំពាវនាវឱ្យអាជ្ញាធរផ្តល់មូលនិធិឱ្យបានគ្រប់គ្រាន់ដើម្បីធានាបាននូវភាពអាចរកបាន និរន្តរភាព និងគុណភាពនៃសេវាកម្មឯកទេសសម្រាប់ជនរងគ្រោះ និងដើម្បីគាំទ្រដល់ការរួមបញ្ចូលនៃសង្គមរយៈពេលវែងរបស់ពួកគេ និងដើម្បីធានាថាជនរងគ្រោះដែលជាកុមារទទួលបានអត្ថប្រយោជន៍ពីការស្នាក់នៅ និងសេវាកម្មឯកទេសនៅទូទាំងប្រទេសដោយគិតគូរពីផលប្រយោជន៍ល្អបំផុតរបស់កុមារ ព្រមទាំងដើម្បីធានានូវលទ្ធភាពទទួលបានការថែទាំសុខភាពដល់ជនរងគ្រោះទាំងអស់ និងពង្រឹងសមត្ថភាពជួយដល់ជនរងគ្រោះជាបុរស រួមទាំងការផ្តល់សេវាលំនៅដ្ឋានសម្រាប់ពួកគេផងដែរ។
អាជ្ញាធរប៊ុលហ្គារីគួរតែធានាថា ជនរងគ្រោះអាចទទួលបានជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃ ដោយមិនគិតពីលទ្ធភាពជួលមេធាវី និងផ្តល់សិទ្ធិទទួលបានសំណង រួមទាំងតាមរយៈមូលនិធិដែលបង្កើតឡើងដោយប្រើប្រាស់ទ្រព្យសម្បត្តិដែលរឹបអូសដោយខុសច្បាប់ពីអ្នកជួញដូរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





