លោក លី បញ្ជាក់សារជាថ្មីនូវការសន្យាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បានបញ្ជាក់សារជាថ្មីកាលពីថ្ងៃអង្គារនូវការសន្យារបស់លោកក្នុងការផ្តោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោក លី បានសរសេរនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម(Instagram) ខណៈដែលលោកបានចែករំលែករូបថតរបស់លោក និងលោកជំទាវទី១ គឺលោកស្រី គីម ហ៊ាក្យុង (Kim Hea Kyung) ក្នុងសម្លៀកបំពាក់ប្រពៃណីកូរ៉េ ដើម្បីប្រារព្ធពិធីបុណ្យច្រូតកាត់របស់ប្រទេសនេះថា «ខ្ញុំសូមសន្យាម្តងទៀតថា ខ្ញុំនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះបច្ចុប្បន្នភាព និងអនាគតកាលនៃជីវភាពរស់នៅរបស់ប្រជាជន»។
ការអត្ថាធិប្បាយរបស់លោក លី បានធ្វើឡើងខណៈដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការនៃកិច្ចចរចាអំពីពន្ធគយ និងបន្ទាប់ពីគណបក្សអំណាចប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំបានរិះគន់ចំពោះការបង្ហាញខ្លួនរបស់លោកនៅក្នុងកម្មវិធីធ្វើម្ហូបមួយរបស់ស្ថានីយ៍ទូរទស្សន៍JTBC ជាកន្លែងដែលលោកបានផ្សព្វផ្សាយអំពីម្ហូបរបស់កូរ៉េខាងត្បូង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





