គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងពង្រឹងវិធានការការពារ ទប់ស្កាត់បង្ក្រាបបទល្មើសនេសាទខុសច្បាប់
AKP កំពង់ធំ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំសហការី ទៅផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ក្នុងរដូវបើកនេសាទនិងពង្រឹងវិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំក្រសាំង ខ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រជានេសាទ និងកងកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោក ជិន ស៊ីថា បានផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងការណែនាំស្ដីពីការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបិតនិងរដូវបើកនេសាទ ដែលប្រជានេសាទទាំងអស់ រួមជាមួយនឹងប្រជាពលរដ្ឋ ត្រូវរួមគ្នាអនុវត្តតាមច្បាប់ស្តីពីជលផល ដែលរដ្ឋសភាជាតិ បានអនុម័ត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទើបបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលថ្មីៗនេះ ក្នុងគោលបំណងថែរក្សាធនធានមច្ឆជាតិឱ្យសម្បូរឡើងវិញ និងបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងនៅទូទាំងប្រទេស និងបានប្រកាសបើកការនេសាទត្រីក្នុងរដូវបើកការនេសាទជាទូទៅដោយត្រូវប្រើប្រាស់ឧបករណ៍ស្របតាមច្បាប់ដែលបានកំណត់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជានេសាទមួយចំនួនធំ ដែលកន្លងមកបានចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងជំនាញមានសមត្ថកិច្ច ក្នុងការប្រើប្រាស់ឧបករណ៍នេសាទបានត្រឹមត្រូវ។ តែក៏នៅមានប្រជានេសាទយើងមួយចំនួន នៅតែលបលួចដាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិរបស់យើងផងដែរ។ ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុនបានថ្លែងកោតសរសើរចំពោះកងកម្លាំងចម្រុះ ដែលបានរួមគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់កន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈដើម្បីធ្វើឱ្យផលត្រីរបស់យើងសំបូរឡើងវិញសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានណែនាំ ដល់កងកម្លាំងចម្រុះទាំងអស់ រួមជាមួយស្ថាប័នជំនាញ អាជ្ញាធរដែនដីត្រូវបន្តសកម្មភាពក្នុងការបង្ក្រាបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាពនិងបានសំណូមពរដល់ប្រជានេសាទទាំងអស់ ត្រូវរួមគ្នាក្នុងការអនុវត្តច្បាប់ស្តីពីជលផល ដែលទើបប្រកាសឱ្យប្រើប្រាស់ថ្មីៗនេះឱ្យទទួលបានជោគជ័យនិងមិនត្រូវកើតមានឡើងនូវបទល្មើសនេសាទខុសច្បាប់បន្តទៀតឡើយ។

ក្នុងឱកាសនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវប្រគល់ជូនទីបញ្ជាការស្រាលបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដើម្បីបន្តសកម្មភាពដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ៕
ដោយ ស៊ុម វណ្ណា





