ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ
AKP ស្ទឹងត្រែង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចូលរួមពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តស្ទឹងត្រែង។ ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងដោយគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្តន៍ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយកោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរង ខេត្តស្ទឹងត្រែង បានណែនាំឱ្យគ្រប់អង្គភាពទូទាំងរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំរុញបំផុសឱ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug លើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថែមទៀត។

ក្នុងនាមឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្តន៍ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន បានមានប្រសាសន៍ផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ឧត្តមសេនីយ៍ឯកក៏បានលើកឡើងពីតួនាទីរបស់តួអង្គនីមួយៗសំដៅពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តរក្សាបាននៅសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើងចៀសផុតបានពីផលវិបាកបញ្ហានានាដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន៕




ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





