អាស៊ានប្តេជ្ញាធ្វើសមាហរណកម្មក្នុងតំបន់បន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងគូឡាឡាំពួរ ដើម្បីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ ដោយសន្យាថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនៃសមាហរណកម្មក្នុងតំបន់ ពង្រីកភាពជាដៃគូពាណិជ្ជកម្ម និងរក្សាការបើកចំហពាណិជ្ជកម្មសេរីប្រឆាំងនឹងការកើនឡើងនៃរបបគាំពារសកលលោក។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំសមូហភាពលើកដំបូងរបស់ប្លុកចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ពន្ធថ្មី និងដាក់ទណ្ឌកម្មលើសមាជិកអាស៊ានជាច្រើនកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ តំបន់ដែលពឹងផ្អែកលើការនាំចេញត្រូវបានព្យាករណ៍ថានឹងឃើញមានកំណើនយឺតពី ៤,៨% ទៅ៤,២% នៅក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះដែលបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាន និងភាពមិនច្បាស់លាស់ដែលកើតឡើងពីទិដ្ឋភាពពន្ធសកល។
ដើម្បីឆ្លើយតបទៅនឹងវិធានការការពារជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលបានពង្រីកដល់ឧស្សាហកម្មវប្បធម៌ ដូចជាភាពយន្តដែលផលិតដោយបរទេសនោះ បណ្តារដ្ឋមន្ត្រីអាស៊ានបានអះអាងសារជាថ្មីនូវការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ស្របតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។
ដើម្បីជំរុញភាពធន់ និងការធ្វើពិពិធកម្មក្នុងតំបន់ អាស៊ានកំពុងចាត់វិធានការភ្លាមៗ និងយូរអង្វែង។ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គម្រោងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានទៅលើទំនិញ នឹងដើរតួនាទីជាឧបករណ៍ស្រូបទាញ ដោយដោះស្រាយឧបសគ្គដែលមិនមែនជាពន្ធគយ និងការកែលម្អការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ លើសពីនេះទៀតរដ្ឋមន្ត្រីទាំងអស់បានធ្វើការងារដើម្បីពន្លឿនការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងពន្លឿនកិច្ចពិភាក្សាទៅលើការពង្រីកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដោយអនុញ្ញាតឱ្យមានប្រទេសសេដ្ឋកិច្ចសំខាន់ៗចូលរួម ដូចជាហុងកុង ស្រីលង្កា និងឈីលីជាដើម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





