សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងទ័ព សិក្សាផ្លូវច្បាប់ យកក្មេងទំនើង ទៅបម្រើឱ្យសកម្មភាពនៅសមរភូមិជួរមុខ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ឱ្យបានលឿនក្នុងការយកក្មេងទំនើងដែលអុកឡុកសង្គម ទៅបម្រើដល់សកម្មភាពក្នុងសមរភូមិជួរមុខទៅតាមកម្រិតទម្ងន់ទោសចាប់ពី៣ខែ ឬ៦ខែ ដូចជាការងារចាក់ពុម្ពលេណដ្ឋាន ជាដើម។

ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ស្នើឱ្យរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ឯកឧត្ដមអគ្គស្នងការនគរបាលជាតិ ជាមួយឯកឧត្ដមអគ្គមេបញ្ជាការកងទ័ព រៀបចំជាក់ស្ដែងតាមទម្ងន់ទោស ដាក់ទោស៣ខែ ឬ៦ខែ ចំពោះក្មេងទំនើង ដោយយកទៅព្រំដែនចាក់ពុម្ពលេណដ្ឋាន ដើម្បីដឹកជញ្ជូនយកទៅសមរភូមិមុខ ដើម្បីកុំឱ្យពិបាក និងឱ្យក្មេងទំនើងទាំងនោះដឹងថា តើកងទ័ព យុវជនដូចគ្នា កំពុងតែឈរជើងតាមព្រំដែនប្រឈមនឹងការគ្រោះថ្នាក់ ឬស្លាប់ដោយសារតែការងារនៅសមរភូមិមុខ។ សម្ដេចធិបតីបានលើកឡើងថា ការធ្វើដូចនេះ ដើម្បីឱ្យក្មេងទំនើងទាំងនោះបានដឹងថា នៅពេលដែលពួកយើងមានឱកាស មានសេរីភាព ហើយមកដើរធ្វើសកម្មភាពរញ៉េរញ៉ៃ និងកាប់ចាក់បំផ្លាញដល់ប្រទេសជាតិនោះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឱ្យឯកឧត្ដម កើត រិទ្ធ ឯកឧត្ដម ស ថេត ឯកឧត្ដម វង្ស ពិសេន សិក្សាផ្លូវច្បាប់ឱ្យខ្ញុំបន្ដិច។ ក្មេងៗទំនើង ឥឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមកវិញ ខ្លះកែ ខ្លះមិនកែ។ មិនចាំបាច់រុញទៅដល់ជួរមុខទេ ឱ្យគិតគូរពីការអប់រំកម្រិតណា ដើម្បីឱ្យភ្ជាប់ដល់ការបម្រើដល់សមរភូមិមុខ មិនបាច់យកទៅកាន់កាំភ្លើងបាញ់នោះទេ យកទៅចាក់ពុម្ពលេណដ្ឋាន ជួយដល់កងវិស្វកម្ម។»
ជាមួយគ្នានេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ផងដែរថា៖ «ឥឡូវនេះ យើងពិនិត្យមើលក្នុងពេលអប់រំ ពេលដែលធ្វើខុស ត្រូវអនុវត្តន៍ច្បាប់ ហើយក្នុងពេលអប់រំនេះ ជាជាងដាក់នៅក្នុងពន្ធធនាគារអត់ធ្វើអ្វី ត្រូវគិតមើលនៅក្នុងការអប់រំពិសេសរបស់នគរបាល នៅកន្លែងណាមួយ ដើម្បីធ្វើការងារសម្រាប់បម្រើឱ្យសមរភូមិមុខ»៕
ដោយ៖ រិទ្ធី





