ចិន និងកូរ៉េខាងជើងសន្យាពង្រឹងទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ចូ សុនហ៊ុយ (Choe Son-hui) នៅទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងពង្រីកការសម្របសម្រួលពហុភាគី។ លោក លី បានសង្កត់ធ្ងន់ទៅលើទស្សនៈរបស់ប្រទេសចិនចំពោះទំនាក់ទំនងតាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយបង្ហាញពីការត្រៀមខ្លួនដើម្បីអនុវត្តការឯកភាពដែលមេដឹកនាំកំពូលរបស់ប្រទេសទាំងពីរសម្រេចបាន និងជំរុញបុព្វហេតុសង្គមនិយម។ ជាការឆ្លើយតប លោកស្រី ចូ បានបញ្ជាក់សារជាថ្មីថា ការពង្រឹងចំណងមិត្តភាព គឺជាជំហរមិនងាករេរបស់កូរ៉េខាងជើង ដោយលោកស្រីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផលប្រយោជន៍ស្នូលរបស់ចិនទាក់ទងនឹងកោះតៃវ៉ាន់ តំបន់ស៊ីនជាំង តំបន់ស៊ីហ្សាង និងហុងកុង ក៏ដូចជាគំនិតផ្តួចផ្តើមពិភពលោករបស់ប្រទេសចិនផងដែរ។
ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកស្រី ចូ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកស្រីទៅកាន់ប្រទេសចិនក្នុងរយៈពេលមួយខែបន្ទាប់ពីដំណើរទស្សនកិច្ចនៅពេលមុននេះជាមួយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ដែលបានចូលរួមជំនួបដ៏សំខាន់មួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ ទន្ទឹមនឹងនោះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏បានជួបជាមួយលោកស្រី ចូ ផងដែរ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនការសម្របសម្រួលក្នុងកិច្ចការតំបន់ និងអន្តរជាតិ ប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាព និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ អ្នកវិភាគបានចាត់ទុកអន្តរកម្មកម្រិតខ្ពស់ជាញឹកញាប់ទាំងនេះ ថាជាការបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ចំពេលដែលកំពុងមានចលាចលជាសកល។
ជាយុទ្ធសាស្ត្រ បញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េនៅតែជាផ្នែកសំខាន់នៃទំនាក់ទំនងចិន-កូរ៉េខាងជើង ដោយយោងតាមសេចក្តីរាយការណ៍ ទីក្រុងព្យុងយ៉ាងសង្ឃឹមថា ទីក្រុងប៉េកាំងអាចបញ្ជូនសញ្ញាគោលនយោបាយរបស់ខ្លួនទៅកាន់ប្រទេសពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនាពេលនេះក៏ត្រូវបានមើលឃើញថា ជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់ចិនទៅកាន់ទីក្រុងព្យុងយ៉ាងសម្រាប់ខួបលើកទី៨០ នៃការបង្កើតគណបក្សពលករកូរ៉េនាពេលខាងមុខ។ ទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េ ប្រទេសចិនបានរំលឹកឡើងវិញថា គោលជំហររបស់ខ្លួននៅតែជាប់លាប់ និងស្ថិរភាព ដោយបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការបន្តដើរតួនាទីស្ថាបនាក្នុងការរក្សាសន្តិភាពនិងការលើកកម្ពស់ដំណោះស្រាយនយោបាយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





