ម៉ាឡេស៊ីជំរុញទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី លោក អេន ហ្គោបាឡាគ្រីស្នាន់ (N Gobalakrishnan) បាននិយាយថា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៥ ម៉ាឡេស៊ីត្រូវបានកំណត់ថានឹងដើរតួនាទីសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្លុកនេះជាមួយប្រទេសឥណ្ឌា។
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-ឥណ្ឌាឆ្នាំ២០២៥កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកបាននិយាយថា អាស៊ាន និងឥណ្ឌារួមគ្នាតំណាងឱ្យប្រជាជនប្រមាណជិត ២ពាន់លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) ជាង ៦ពាន់ពាន់លានដុល្លារអាម៉េរិក។
តាមរយៈការតម្រឹមអាទិភាពរបស់អាស៊ានជាមួយនឹងរបៀបវារៈកំណើនប្រកបដោយមហិច្ឆតារបស់ឥណ្ឌា ភាគីទាំងពីរអាចបើកផ្នែកថ្មីនៃភាពរុងរឿងដែលផ្តល់ផលប្រយោជន៍មិនត្រឹមតែសម្រាប់តំបន់ទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចពិភពលោកឱ្យកាន់តែទូលំទូលាយផងដែរ។
លោក ហ្គោបាឡាគ្រីស្នាន់ ដែលជាសហប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា (AIBC) ផងដែរនោះ បានចង្អុលបង្ហាញពីការផ្លាស់ប្តូររបស់ប្រទេសឥណ្ឌាទៅជាមហាអំណាចសេដ្ឋកិច្ចទី៥ របស់ពិភពលោក ជាមួយនឹងសក្តានុពលក្នុងការក្លាយជាមហាអំណាចទីបីក្នុងពេលឆាប់ៗនេះ។ លោកបាននិយាយថា ការផ្លាស់ប្តូរនេះបានបើកនូវទស្សនវិស័យថ្មីៗសម្រាប់កិច្ចសហការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ ភស្តុភារនិងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
សម្រាប់ភាគីឥណ្ឌា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម អេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន លោក ជីទីន ប្រាសាដា (Jitin Prasada) បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើផ្នែកអេឡិចត្រូនិចឱសថ កសិផល និងការថែទាំសុខភាព។
លោកក៏បានលើកឡើងផងដែរអំពីគំនិតផ្តួចផ្តើមថ្មីៗ ដូចជាក្រុមប្រឹក្សាឌីជីថលម៉ាឡេស៊ី-ឥណ្ឌា និងសម្ព័ន្ធការចាប់ផ្តើមអាជីវកម្មឥណ្ឌា-ម៉ាឡេស៊ីជាដើម ដែលមានគោលបំណងជំរុញនវានុវត្តន៍ និងសហគ្រិនភាព។
នៅពេលមុននេះ សមាជិកជាន់ខ្ពស់របស់ AIBC និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លោក រ៉ាម៉េស កូដាំម៉ាល់ (Ramesh Kodammal) បាននិយាយថា ពាណិជ្ជកម្មទ្វេភាគីបានកើនលើសជាង១២៣ពាន់លានដុល្លារអាម៉េរិករួចហើយក្នុងអំឡុងឆ្នាំ២០២៤-២០២៥។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានសក្តានុពលដ៏ធំសម្បើមក្នុងវិស័យផលិតកម្មការថែទាំសុខភាព ថាមពលកកើតឡើងវិញ និងការសហការ MSME៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





