ផ្លូវដែក ចិន-ឡាវ រួមចំណែកដល់កំណើនពាណិជ្ជកម្មបរទេស
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ -- ដោយលាតសន្ធឹងក្នុងចម្ងាយ១.០៣៥គីឡូម៉ែត្រពីទីក្រុងគុនមីងក្នុងខេត្តយូណាននៅភាគនិរតីរបស់ប្រទេសចិនទៅកាន់ទីក្រុងវៀងចន្ទន៍ក្នុងប្រទេសឡាវ ផ្លូវដែកចិន-ឡាវបានក្លាយជា «ច្រករបៀងមាស» ក្នុងការតភ្ជាប់ប្រទេសចិន និងអាស៊ាន ដែលជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់តាមបណ្តោយផ្លូវរបស់វា។
ចាប់តាំងពីវាបើកដំណើរការកាលពីក្នុងខែធ្នូ ឆ្នាំ២០២១ មក ទំហំដឹកទំនិញបានបង្ហាញពីកំណើនពីរខ្ទង់សម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នាខណៈដែលលំហូរអ្នកដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃបានកើនឡើងពីប្រហែល ៣០០ជើងរហូតដល់ ១.៣០០ជើង។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ផ្លូវដែកនេះបានដឹកជញ្ជូនទំនិញជាង ៦៦,៥លានតោន ដែលរួមមានទាំងទំនិញឆ្លងកាត់ព្រំដែនជាង ៣.០០០ប្រភេទ។
យោងតាមលោក ចាង ដេហ័ន អ្នកដឹកជញ្ជូននៅលើផ្លូវដែកនោះដែលមមាញឹកខ្លាំងក្នុងរដូវកាលផ្លែទុរេន បានឱ្យដឹងថា លោកមិនដែលរំពឹងថា ផ្លូវដែកនៃការដឹកជញ្ជូនទំនិញឆ្លងព្រំដែនចិន-ឡាវនៅក្នុងខេត្តយូណាននេះនឹងមានប្រជាប្រិយភាពខ្លាំងនោះទេ។ នៅក្នុងដំណើរការដឹកជញ្ជូនទៅកាន់ប្រទេសឡាវក្នុងឆ្នាំ២០២២ បានជំរុញឱ្យលោក ចាង ជួលទូរទឹកកកចំនួន១០០គ្រឿងដើម្បីដាក់ផ្លែទុរេនសម្រាប់ការដឹកជញ្ជូន ហើយវាមិនមានភាពងាយស្រួលទេនៅដើមដំបូង។ លោក ចាង បានផ្សព្វផ្សាយអំពីសេវាកម្មរបស់លោកនៅទីផ្សារលក់ដុំផ្លែឈើក្នុងទីក្រុងគុនមីងអស់រយៈពេលជាច្រើនថ្ងៃ ប៉ុន្តែលោកមិនបានទទួលការបញ្ជាទិញណាមួយទេ។
អ្នកនាំចូលផ្លែទុរេនម្នាក់បានប្រាប់លោកថា «វាមិនមែនមកពីថ្លៃដឹកជញ្ជូននោះទេ»។ ជាមួយនឹងកុងតឺន័រដឹកផ្លែទុរេនដែលមានតម្លៃប្រហែល១លានយន់ (១៤០.៧៧៣ដុល្លារអាម៉េរិក) អ្នកនាំចូលមិនហ៊ានប្រថុយទៅនឹងការខូចគុណភាពផ្លែទុរេនដោយសារការដឹកជញ្ជូនយូរនោះទេ។ ការគិតថ្លៃដឹកជញ្ជូនចំនួន ៤០.០០០យន់ គឺជារឿងតូចតាចទេបើធៀបទៅនឹងការបាត់បង់សក្តានុពលនៃការដឹកជញ្ជូនទាំងមូល ប្រសិនបើភាពស្រស់របស់ផ្លែទុរេនមិនអាចត្រូវបានធានា។
ដោយសារគ្មានអ្នកនាំចូលណាហ៊ានប្រថុយនោះ លោក ចាង បានសម្រេចចិត្តទិញផ្លែទុរេនដោយខ្លួនឯងដើម្បីដឹកជញ្ជូនដើម្បីបង្ហាញពីសេវាកម្ម។
នៅពេលដែលការដឹកជញ្ជូនកំពុងដំណើរការ លោក ចាង បានត្រួតពិនិត្យទីតាំង និងសីតុណ្ហភាពនៃក្នុងកុងតឺន័ររៀងរាល់ពីរបីម៉ោងម្តង។បន្ទាប់ពីរយៈពេល ២៦ម៉ោងនៃការធ្វើដំណើរ ផ្លែទុរេនដែលបានដឹកជញ្ជូនតាមកុងតឺន័រទូរទឹកកកថ្មីនៅលើផ្លូវដែកចិន-ឡាវបានទៅដល់ទីក្រុងគុនមីងក្នុងលក្ខខ័ណ្ឌមួយល្អឥតខ្ចោះ ហើយនៅពេលនោះ ពាណិជ្ជករដែលមានការចាប់អារម្មណ៍ម្នាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅនឹងកន្លែង សម្រាប់ការដឹកជញ្ជូនផ្លែទុរេនចំនួន ៦កុងតឺន៍រ ដែលដឹកជញ្ជូនដោយក្រុមហ៊ុនរបស់លោក ចាង។
មុនពេលមានផ្លូវរថភ្លើងនេះ ផ្លែទុរេនភាគច្រើនត្រូវបានដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ដែលចំណាយពេលយូរ និងងាយរំខានដោយសារការរអិលបាក់ដី ការបិទផ្លូវ ឬការកកស្ទះក្នុងរដូវវស្សា។ សព្វថ្ងៃនេះ ជាមួយនឹងទូរទឹកកកដ៏ឆ្លាតវៃនៅលើផ្លូវដែកចិន-ឡាវ ដែលអនុញ្ញាតឱ្យមានការតាមដានGPS និងការត្រួតពិនិត្យសីតុណ្ហភាពពីចម្ងាយនោះ បានធ្វើឱ្យការធ្វើដំណើរកាន់តែលឿន ការចំណាយអាចប្រៀបធៀបបាន និងអត្រានៃការខូចគុណភាពទាបជាងពីមុនឆ្ងាយ។
ពាក្យនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងរង្វង់ពាណិជ្ជកម្មផ្លែឈើរបស់ខេត្តយូណានថា «ផ្លូវដែកចិន-ឡាវ គឺជាផ្លូវដែកដែលមានសុវត្ថិភាពជាងមុនសម្រាប់ការដឹកជញ្ជូនផ្លែទុរេន» ដែលធ្វើឱ្យអាជីវកម្មមានការកើនឡើង។
នៅក្នុងឆ្នាំ២០២៣ ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅលើខ្សែផ្លូវដែកនេះបានឈានដល់ប្រមាណ ៤,២២លានតោន ដែលកើនឡើងជិត៩៥% ពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BRNN)





