ហេតុការណ៍បាក់ដីនៅម៉ាឡេស៊ីសម្លាប់មនុស្សយ៉ាងតិច ១២នាក់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ -- សេចក្តីរាយការណ៍ព័ត៌មានបាននិយាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់ដីនៅក្នុងរដ្ឋសាបាហ៍របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅលើកោះបូណេអូ។
យោងតាមអាជ្ញាធរជួយសង្គ្រោះ បានឱ្យដឹងថា អ្នកស្រុកជាង២.០០០នាក់នៅតំបន់ទំនាប ដែលរួមមានទាំងរដ្ឋធានីកូតា គីណាបាលូ ផងនោះ ត្រូវបានជម្លៀសចេញ។ ឧបទ្ទវហេតុដ៏អាក្រក់បំផុតនេះបានកើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលកំទេចកំទីនៃការបាក់ដីនោះបានកប់ផ្ទះបណ្តោះអាសន្នមួយដោយបានសម្លាប់មនុស្សចំនួន ៨នាក់ដែលក្នុងនោះមានកុមារចំនួន ៤នាក់។
ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងរដ្ឋសាបាហ៍ ដែលជារដ្ឋក្រីក្របំផុតរបស់ប្រទេសម៉ាឡេស៊ី។អាជ្ញាធរក្នុងតំបន់បានលុបចោលការប្រារព្ធទិវាម៉ាឡេស៊ីដែលគ្រោងធ្វើកាលពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ ដើម្បីផ្តោតសំខាន់ទៅលើការឆ្លើយតបគ្រោះមហន្តរាយ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាម៉ាដ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) បានបញ្ជាឱ្យប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់ និងបានព្រមានអំពីភ្លៀងធ្លាក់បន្ថែមទៀតដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





