ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺអញ្ជើញកាន់បិណ្ឌវេនទី១០នៅវត្តដំណាក់ត្រាច ស្រុកភ្នំស្រួច
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ រួមគ្នា នៅវត្តដំណាក់ត្រាចស្ថិតក្នុងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

បុណ្យកាន់បិណ្ឌនាពេលនេះត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងដើម្បីទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតាបិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ក៏ដូចជាចូលរួមលើកតម្កើងព្រះពុទ្ធសាសនា ឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានបូជាទៀន ធូប ផា្កភ្ញី ចំពោះព្រះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្ការ បង្សុកូល រាប់បាត្រ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តដំណាក់ត្រាច ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា និងជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង៕


ដោយ លឹម សាន្ត





