អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំឯកភាពសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករដ្ឋ មានដូចជាគ្រឿងម៉ាស៊ីន សម្ភារៈ បរិក្ខារ និងវត្ថុធាតុដើម
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦–លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវគ្រឿង ម៉ាស៊ីន សម្ភារៈបរិក្ខារ និងវត្ថុធាតុដើមសម្រាប់បម្រើឱ្យរោងចក្រផលិតឧបករណ៍ជាងគ្រប់ប្រភេទ ក្រុមហ៊ុន GOLDENLINKPRO (CAMBODIA) HARDWARE MANUFACTURING CO, LTD ដែលមានទីតំាងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោមខេត្តព្រះសីហនុ។

ក្រុមហ៊ុនហ្គោលដិនលីនប្រូ (ខេមបូឌា) ហាដវែរ មេនូហ្វេកឆីរីង ឯ.ក GOLDENLINKPRO (CAMBODIA) HARD WARE MANUFACTURING CO,LTD ផលិតឧបករណ៍ជាងគ្រប់ប្រភេទ (រួមមាន ឧបករណ៍ផ្សារដែក ឧបករណ៍កូវអាគុយ ទុរឺវេស ដែកកាប់ មានទុនវិនិយោគ ២.៧៤៦.៤៩៦ដុល្លារអាម៉េរិក មានទីតាំងភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ វិនិយោគលើផ្ទៃដីទំហំ ៥៦.៤៤៣ម២ និងមានទំហំអគារ ៤.០០០ម២ (មានស្រាប់)។ ទីផ្សារនាំចេញ សហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុប ប្រទេសចិន និងប្រទេសជប៉ុន។

ក្រុមហ៊ុន GOLDENLINKPRO (CAMBODIA) HARD WARE MANUFACTURING CO., LTD. បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លេខ ០០២/២៥ អ.វ.វ.ប.ប ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ របស់អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតក្រុមហ៊ុនបានដាក់ពាក្យស្នើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវគ្រឿងម៉ាស៊ីន សម្ភារៈ បរិក្ខារ និងវត្ថុធាតុដើមនៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ ដោយឡែកការនាំចូលលើកទី២ រួមមាន គ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារមាន ៣៨ចំណុច សរុបទឹកប្រាក់ ៦០៤.៤០៩ដុល្លារអាម៉េរិក (គិតក្នុងទុនវិនិ យោគ) វត្ថុធាតុដើម និងវត្ថុធាតុដើមបន្សំមាន ៤៣ចំណុច សរុបទឹកប្រាក់ ២០.៨៤៦.៥៥០ដុល្លារអាម៉េរិក (ជាទុនបង្វិលមិនគិតក្នុងទុនវិនិយោគ)។

ក្នុងកិច្ចប្រជុំស្តាប់មន្ត្រីមន្ទីរជំនាញរួចមក ក្រុមការងារបានពិនិត្យឃើញថា ក្នុងចំណោម ៨១ចំណុច ដែលក្រុមហ៊ុនបានស្នើសុំការនាំចូល ក៏ប៉ុន្ដែមន្ត្រីគយបានពិនិត្យឃើញថា ចំណុចចំនួន៨ មិនត្រូវអនុញ្ញាតលើកលែងពន្ធនោះទេ ព្រោះគឺជាសម្ភារៈសម្រេចមិនបម្រើឱ្យការងារនៅក្នុងរោងចក្រ។


ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដដែលជាប្រធានកិច្ចប្រជុំបានយល់ស្របតាមការបញ្ជាក់ពីមន្ត្រីគយ ព្រោះមាន ៨ចំណុច ដែលក្រុមហ៊ុនបានស្នើសុំមិនយកមកបម្រើនៅក្នុងចង្វាក់ផលិតកម្មរបស់រោងចក្រនោះទេ ដោយឡែក ៧៣ចំណុច ក្នុងចំណោម ៨១ចំណុច ដែលក្រុម ហ៊ុនបានដាក់ស្មើសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃ បន្ថែមជាបន្ទុករបស់រដ្ឋ គឺបាន សម្រេចឯកភាពឱ្យនាំចូល ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ៕
ដោយ៖ ងូ សុមុនី





