ទស្សនៈ៖ ការពង្រឹង និងការផ្សព្វផ្សាយចំណេះដឹងវប្បធម៌ប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥--
ប្រទេសកម្ពុជា ជាប្រទេសមួយដែលសម្បូរដោយសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ហើយមរតកវប្បធម៌ដ៏សម្បូរបែបទាំងនេះជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។ អ្វីដែលគួរតែកត់សម្គាល់នោះ គឺប្រជាជនកម្ពុជាហាក់មានការយល់ដឹង និងចាប់អារម្មណ៍លើបញ្ហាវប្បធម៌ប្រវត្តិសាស្ត្រ នៅមានចំនួនតិច និងតាមបញ្ហាកើតឡើងមួយឆាវៗនៅឡើយ។ ថ្មីៗនេះ សន្ទុះនៃការចង់ដឹង និងចាប់អារម្មណ៍អំពីវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា បានកើតឡើងនៅពេលដែលខ្មែរមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។ ក្រៅពីនេះ បញ្ហាខ្វែងគំនិតគ្នារវាងប្រជាជនកម្ពុជាខ្លួនឯងពាក់ព័ន្ធបញ្ហាវប្បធម៌ និងប្រវត្តិសាស្ត្រ កើតចេញពីមូលដ្ឋានចំណេះដឹងរបស់សាធារណជនពីបញ្ហានេះមិនដូចគ្នា។ ការយល់ខុសគ្នាលើរឿងវប្បធម៌ និងប្រវត្តិសាស្ត្រ នឹងនាំឱ្យមានគ្រោះថ្នាក់ខ្លាំងដល់សង្គមនៅពេលអនាគត។ ឯការមិនសូវអើពើលើវប្បធម៌ និងប្រវត្តិសាស្ត្រជាតិ អាចនឹងនាំឱ្យកើតមានបញ្ហាបាត់បង់គំនិតស្រឡាញ់ជាតិ និងមនសិការជាតិ ដែលអាចនាំឱ្យបាត់បង់អត្តសញ្ញាណជាតិបន្តិចម្ដងៗ។ ដូចនេះការសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីវប្បធម៌ប្រវត្តិសាស្ត្រទៅកាន់ស្រទាប់ប្រជាជន ពិតជារឿងសំខាន់និងចាំបាច់មួយដែលគួរតែមានចំណាត់ការជាបន្ទាន់។
- តើយើងអាចកសាងមូលដ្ឋានដ៏រឹងមាំ និងមានភាពធន់មួយសម្រាប់ការសិក្សាស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្ត្រជាតិបានដោយរបៀបណា?
- ការពង្រឹង និងប្រមូលផ្ដុំធនធានមនុស្ស៖ ធនធានមនុស្សមានជំនាញក្នុងវិស័យវប្បធម៌ និងប្រវត្តិសាស្ត្រជាតិនាពេលបច្ចុប្បន្ន ហាក់មានចំនួនសមល្មម បើធៀបនឹងពេលមុនៗ។ បញ្ហាគឺនៅត្រង់ថាធនធានមនុស្សទាំងនោះធ្វើការរៀងៗខ្លួន និងនៅរាយប៉ាយតាមស្ថាប័នផ្សេងៗគ្នា ជាហេតុនាំឱ្យមានការលំបាកក្នុងការបង្កើតស្ថាប័នជំនាញលើវិស័យវប្បធម៌ និងប្រវត្តិសាស្ត្រដែលរឹងមាំ និងមានភាពធន់។ ដូចនេះ ការពង្រឹងធនធានមនុស្ស និងប្រមូលផ្ដុំអ្នកជំនាញ មានសមត្ថភាពច្បាស់លាស់ ឱ្យធ្វើការរួមគ្នា ជារឿងដ៏ចំបាច់ដែលត្រូវធ្វើជាបន្ទាន់។
- ការរៀបចំស្ថាបប័នជំនាញ៖ កម្ពុជាមានស្ថាប័នធ្វើការពាក់ព័ន្ធនឹងវិស័យនេះមួយចំនួន ប៉ុន្តែតួនាទី រចនាសម្ព័ន្ធ ប្រព័ន្ធការងារ និងការបំពេញភារកិច្ចរបស់ស្ថាប័នទាំងនោះ ហាក់មិនមានភាពច្បាស់លាស់ទៅលើការកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់ការសិក្សាស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្ត្រជាតិនៅឡើយ។ ការប្រើប្រាស់ និងតែងតាំងធនធានមនុស្សមិនមានប្រសិទ្ធភាព និងកង្វះខាតចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពពិតប្រាកដ មិនអាចនាំឱ្យកម្ពុជាអាចទាញយកគុណតម្លៃមរតកវប្បធម៌ប្រវត្តិសាស្ត្ររបស់ដូនតា មកប្រើដើម្បីអភិវឌ្ឍសង្គមជាតិឱ្យអស់លទ្ធភាពបានឡើយ។ ជាគំរូល្អនៅប្រទេសជប៉ុន និងកូរ៉េ គេបានយកកេរដំណែលមរតកវប្បធម៌រូបី និងអរូបី មកធ្វើជាដើមទុនសម្រាប់ការអភិវឌ្ឍសង្គមជាតិគ្រប់វិស័យ ជាពិសេសដើម្បីថែរក្សាអត្តសញ្ញាណជាតិ ព្រលឹងជាតិ និងមោទនភាពជាតិ។ ហេតុនេះការកំណត់ឱ្យមានស្ថានប័នឬក្រុមជំនាញជាអន្ដរការីប្រកបដោយគុណភាពសម្រាប់ធ្វើការជាក់លាក់ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវអំពីវប្បធម៌ប្រវត្តិសាស្ត្រជាតិ ក៏ជាកត្តាសំខាន់មួយផងដែរ។
- ការរៀបចំឃ្លាំងទិន្នន័យ៖ បញ្ហាកង្វះឃ្លាំងទិន្នន័យជាប្រភពឯកសារសម្រាប់ការស្រាវជ្រាវ ក្លាយជាឧបសគ្គធំសម្រាប់អ្នកសិក្សានិងមហាជន នៅពេលចង់សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ការសិក្សាស្រាវជ្រាវអំពីខ្មែរនៅសម័យដំបូង គឺចាប់ផ្ដើមឡើងដោយពួកអឺរ៉ុប ជាពិសេសបារាំង ដែលនាំឱ្យឯកសារដ៏ច្រើនលើសលុប បានបោះពុម្ពផ្សាយជាភាសាបរទេស។ កម្ពុជាត្រូវរៀបចំបកប្រែឯកសារទាំងឡាយណាដែលពាក់ព័ន្ធនឹងវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ ដើម្បីទុកជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សា និងស្វែងយល់របស់មហាជនទូទៅ និងសិស្សនិស្សិត។ ឯកសារជាភាសាជាតិ នឹងជួយជម្រុញការសិក្សាបានយ៉ាងលឿន និងមានប្រសិទ្ធភាពជាងភាសាបរទេស។ ក្រៅពីនេះ ត្រូវរៀបចំចងក្រង និងប្រមូលផ្ដុំឯកសារក្នុងស្រុកទាំងអស់ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ និងប្រវត្តិសាស្ត្រ មកបោះពុម្ពផ្សាយឱ្យបានទូលំទូលាយ ដើម្បីជាឃ្លាំងទិន្នន័យសំខាន់ និងសម្បូរបែបសម្រាប់សម្រួលដល់ការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា។ ការធ្វើទំនើបកម្ម
បណ្ណាល័យជាតិ និងបណ្ណាសារដ្ឋានជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាឱ្យក្លាយជាមជ្ឈមណ្ឌលឃ្លាំងឯកសារជាតិផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រក៏ជាវិធានការមួយដ៏សំខាន់ផងដែរ។ - បញ្ហាធនធានថវិកា៖ កង្វះខាតមូលនិធិសម្រាប់គាំទ្រដល់ការសិក្សាស្រាវជ្រាវលើវិស័យវប្បធម៌ និងប្រវត្តិសាស្ត្រ នៅជាបញ្ហចម្បងនៅឡើយ។ រាជរដ្ឋាភិបាល ជាពិសេសក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្ថែមកញ្ចប់ថវិកា និងផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវ គ្រូបង្រៀន សាស្ត្រាចារ្យលើវិស័យនេះ អាចមានលទ្ធភាពស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ នៅតាមសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធត្រូវមានព្រឹត្តិបត្រ និងទស្សនាវដ្ដីដែលមានលក្ខណៈវិទ្យាសាស្ត្រសម្រាប់ការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវក្នុងវិស័យនេះ។ ត្រូវផ្ដល់ថវិកាបន្ថែមដល់គ្រូបង្រៀនដែលមានកម្រិតគុណវុឌ្ឍិផ្នែកស្រាវជ្រាវ ជាជាងគ្រូបង្រៀនត្រូវចំណាយពេលស្ទើរតែទាំងស្រុងដើម្បីបង្រៀនប្ដូរនឹងប្រាក់ឧបត្ថម្ភ ដោយគ្មានការស្រាវជ្រាវ។
- តើយើងអាចបញ្ជ្រាប និងបណ្ដុះគំនិតស្រឡាញ់វប្បធម៌និងប្រវត្តិសាស្ត្រដែលជាអត្តសញ្ញាណដ៏សំខាន់របស់ជាតិទៅកាន់សាធារណជនបានដោយរបៀបណា?
- ការអនុវត្តជាក់ស្ដែង៖ ស្ថានប័នពាក់ព័ន្ធត្រូវការចាប់ផ្ដើមអនុវត្តសកម្មភាពជាបន្តបន្ទាប់ឥតដាច់ ព្រោះបើគ្រាន់តែមានជាគោលការណ៍ មតិយោបល់ និងផែនការសកម្មភាព តែមិនមានសកម្មភាពជាក់ស្ដែង នោះអ្វីៗក៏មិនអាចដំណើរការទៅរួចដែរ។
- ការបណ្ដុះគំនិតស្រឡាញ់ និងការអប់រំវប្បធម៌ប្រវត្តិសាស្ត្រជាតិនៅក្នុងសាលា៖ ការបណ្ដុះអំពីការយល់ដឹងស៊ីជម្រៅទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ ត្រូវធ្វើចាប់ពីកុមារទៅ។ កុមារប្រៀបបាននឹងសំពត់សមួយ ដែលត្រូវបញ្ជ្រាបបន្តិចម្ដងៗទៅតាមធម្មជាតិនៃការយល់ដឹង។ កុមារជាទូត ជាអ្នកនាំសារដ៏ល្អ សម្រាប់សហគមន៍របស់គេ សម្រាប់សង្គមទាំងមូលនាពេលបច្ចុប្បន្ន និងអនាគត។
- ការរៀបចំកម្មវិធីសិក្សា៖ សម្រាប់កម្មវិធីសិក្សាពាក់ព័ន្ធនឹងការអប់រំវប្បធម៌ប្រវត្តិសាស្ត្រជាតិ ត្រូវមានគោលបំណងជាក់លាក់នៅតាមកម្រិតថ្នាក់នីមួយៗ ជាពិសេសគួរមានខ្លឹមសារបង្រៀនដែលសមល្មមហើយសមស្របនឹងម៉ោងបង្រៀនជាក់ស្ដែង។ ត្រូវបញ្ចូលមេរៀនប្រវត្តិសាស្ត្រ វប្បធម៌ អត្ថន័យនៃតម្លៃមរតកនានា នៅក្នុងកម្មវិធីចាប់ពីថ្នាក់បឋមសិក្សាទៅ។ សម្រាប់ថ្នាក់ចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យត្រូវបន្ថែមចំណេះដឹងលើវិស័យនេះឱ្យបានច្រើននៅក្នុងកម្មសិក្សា ដើម្បីបណ្ដុះគំនិតពួកគេឱ្យកាន់តែយល់ដឹង គោរពស្រឡាញ់ជាតិរបស់ខ្លួន។ ម្យ៉ាងទៀត ចាប់ពីថ្នាក់អនុវិទ្យាល័យ យ៉ាងហោចណាស់ត្រូវមានកម្មវិធីដំណើរសិក្សាទៅទីតាំងប្រវត្តិសាស្ត្រឬសារមន្ទីរពីរដងក្នុងមួយឆ្នាំ (សាលា និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវគិត និងអនុវត្តលើកម្មវិធីនេះ)។
- ការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកបន្តវេន៖ ត្រូវជម្រុញ និងបង្កើនការសិក្សាស្រាវជ្រាវដោយអ្នកស្រាវជ្រាវខ្មែរដែលជំនាញត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយគុណភាពខ្ពស់ តាមរយៈការគាំទ្រទាំងផ្នែកសម្ភារៈ និងថវិកា។ អ្វីដែលសំខាន់ជាងនេះទៀតគឺ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវគិតគូរអំពីអនាគតនៃអ្នកបន្តវេនលើការសិក្សាស្រាវជ្រាវ និងអប់រំផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ ដើម្បីធានាបានថាការផ្ទេរចំណេះលើវិស័យនេះមាននិរន្តរភាព។ ផ្តល់កញ្ចប់ថវិកាសម្រាប់ផ្ដល់ជាអាហារូបករណ៍ដល់និស្សិតទៅបន្តការសិក្សានៅបរទេសលើជំនាញពាក់ព័ន្ធនឹងវិស័យវប្បធម៌ប្រវត្តិសាស្ត្រដែលកម្ពុជានៅខ្វះខាតនៅឡើយ។ ដោយឡែកជំនាញដែលកម្ពុជាមានលទ្ធភាពបណ្តុះបណ្ដាលខ្លួនឯង ត្រូវមានផែនការជ្រើសរើសមនុស្សឱ្យមករៀនដើម្បីបន្តវេនពីអ្នកជំនាន់មុន។
ជារួមមក ការបញ្ជ្រាបគំនិតស្រឡាញ់វប្បធម៌ និងប្រវត្តិសាស្ត្រជាតិដែលជាអត្តសញ្ញាណ និងជាព្រលឹងជាតិដ៏សំខាន់ទៅក្នុងស្រទាប់ប្រជាជនខ្មែរ ត្រូវទាមទារឱ្យមានការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងស្ថាប័នរដ្ឋ ឯកជន និងជាពិសេសប្រជាជនទូទៅ ព្រោះបញ្ហាវប្បធម៌ និងប្រវត្តិសាស្ត្រនេះមិនមែនជាកម្មសិទ្ធផ្ដាច់មុខរបស់ខ្មែរណាម្នាក់ឡើយ។ ស្ថាប័នពាក់ព័ន្ធក៏គួរមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីគុណតម្លៃ និងបទពិសោធនៅក្នុងវប្បធម៌ប្រវត្តិសាស្ត្រជាតិ ដើម្បីអាចទាញគុណតម្លៃទាំងនោះមកប្រើដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៀតនៅពេលបច្ចុប្បន្ន និងអនាគត។


ដោយ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា





