អភិបាលខេត្តកំពង់ធំ៖ភាពសប្បាយរីករាយនិងការរស់នៅដោយសុភមង្គល ព្រមទាំងការអភិវឌ្ឍដ៏ជឿនលឿនគឺបានមកពីកត្តាសុខសន្តិភាព
AKP កំពង់ធំ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ --ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំមានប្រសាសន៍លើកឡើងថាភាពសប្បាយរីករាយនិងការរស់នៅដោយសុភមង្គលព្រមទាំងការអភិវឌ្ឍដ៏ជឿនលឿនគឺបានមកពីកត្តាសុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្តលើកឡើងដូចនេះក្នុងពិធីកាន់បិណ្ឌវេនទី៥នៅវត្តគុហនគរឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្នបានឡើងថាមកដល់ពេលនេះកម្ពុជារកបានសុខសន្តិភាពពេញលេញ។សុខសន្តិភាពនេះហើយបានផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើននិងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ព្រោះតែបែបនេះហើយទើបនាំឱ្យមានការមើលឃើញថាសន្តិភាពគឺជាកត្តាកំណត់លើការអភិឌ្ឍការរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាជន ដែលនាំឱ្យប្រទេសមានការរីកចម្រើនដូចសព្វថ្ងៃ។ដូច្នេះប្រជាពលរដ្ឋត្រូវរួបរួមគ្នាការពារនិងថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង់។
កត្តាសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រហើយព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិងជាមាគ៌ានាំមកនូវសង្គមនិងប្រជាជាតិទាំងមូលឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សានូវសុខសន្តិភាពនិងនាំគ្នាថែរក្សាពិធីបុណ្យប្រពៃណីដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជននិងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យដើម្បីអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឱ្យបាត់បង់។
ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជាហើយពិធីបុណ្យនេះប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ៕
ដោយ៖ ស៊ុម វណ្ណា





