អ្នកនាំពាក្យ៖ កងទ័ពនេប៉ាល់ប្តេជ្ញាគោរពតាមបទដ្ឋានប្រជាធិបតេយ្យ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ -- អ្នកនាំពាក្យកងទ័ពនេប៉ាល់បានប្រាប់សារព័ត៌មានអាណាដូលូ (Anadolu) កាលពីថ្ងៃព្រហស្បតិ៍ថាកងទ័ពនេប៉ាល់ប្តេជ្ញាចិត្តចំពោះគុណតម្លៃ និងបទដ្ឋានប្រជាធិបតេយ្យ ហើយកិច្ចពិភាក្សាកំពុងបន្តដើម្បីបង្កើតការរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នមួយ។
ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ រ៉ាចា រ៉ាម (Raja Ram) ទៅកាន់សារព័ត៌មានអាណាដូលូនេះ បានកើតឡើងបន្ទាប់ពីមានការតវ៉ារបស់ក្រុមយុវជនជំនាន់ Z «Gen Z» ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកនាយករដ្ឋមន្ត្រី ស្សាម៉ា អូលី (Sharma Oli)។
ការតវ៉ាដ៏ធំបានផ្ទុះឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់លោក អូលី បានដាក់បម្រាមទៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនកាលពីសប្តាហ៍មុន។រដ្ឋាភិបាលចង់ឱ្យវេទិកាពហុជាតិទាំងនេះបើកការិយាល័យនៅក្នុងប្រទេសនេប៉ាល់។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ២៤ម៉ោងចាប់តាំងពីថ្ងៃច័ន្ទនៅពេលដែលការតវ៉ាបានលុកលុយរដ្ឋធានីកាតាម៉ាន់ឌូ លោក អូលី បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ហើយល្ងាចថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ អាស្សុក រ៉ាច ស៊ីកឌែល (Ashok Raj Sigdel) ប្រមុខកងទ័ពបានថ្លែងទៅកាន់ប្រទេសជាតិដោយជំរុញឱ្យមានការស្ងប់ស្ងាត់ និងកិច្ចសន្ទនា ដែលជាផ្លូវចេញពីអំពើហិង្សា។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពនេប៉ាល់ភ្នាក់ងារសន្តិសុខ និងការិយាធិបតេយ្យស៊ីវិល បានអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធីនៃបញ្ហាដែលកំពុងប្រឈមមុខនៅក្នុងប្រទេសខណៈដែលក្រុមអ្នកតវ៉ាបានសម្រុកចូលរដ្ឋសភា ការិយាល័យប្រធានាធិបតីនិងតុលាការកំពូល ព្រមទាំងបានវាយប្រហារការិយាល័យ និងលំនៅដ្ឋានរបស់អ្នកនយោបាយមួយចំនួនទៀតផង។
នៅយប់ថ្ងៃអង្គារ យោធាត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបទបញ្ជាហាមឃាត់មួយចំនួន និងបម្រាមគោចរត្រូវបានដាក់ចេញ។
យ៉ាងហោចណាស់ មនុស្ស ៣១នាក់បានស្លាប់ចាប់តាំងពីពេលនោះមក រួមទាំងពីរនាក់បានស្លាប់នៅក្នុងការបាញ់ប្រហាររបស់កងទ័ពកាលពីថ្ងៃព្រហស្បតិ៍។ មនុស្សរាប់រយនាក់បានរងរបួស នៅពេលដែលកងទ័ពបានរារាំងដល់ការប៉ុនប៉ងហែកគុក។
អ្នកទោសប្រហែល ១៥.០០០នាក់ត្រូវបានរាយការណ៍ថា បានរត់គេចខ្លួនចេញពីគុក។
ទោះយ៉ាងណាក៏ដោយ លោក រ៉ាម បានប្រាប់សារព័ត៌មានអាណាដូលូតាមទូរស័ព្ទថា «ការផ្តោតសំខាន់នៃកងកម្លាំងសន្តិសុខ គឺរក្សាស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់»។
លោក រ៉ាម បាននិយាយថា «វាគឺដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង និងការពារហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអគាររដ្ឋាភិបាលផងដែរ»។
លោកបានសង្កត់ធ្ងន់ថា ភ្នាក់ងារសន្តិសុខ គឺគ្រាន់តែគាំទ្រក្នុងការរក្សាច្បាប់ និងសណ្ដាប់ធ្នាប់ប៉ុណ្ណោះ។
តាមការទាមទារដោយក្រុមបាតុករដែលដឹកនាំដោយក្រុមយុវជនជំនាន់ Z «Gen Z» គឺដើម្បីបង្កើតការរៀបចំរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដោយលោក រ៉ាម បាននិយាយថា «ការធ្វើអន្តរកម្មជាមួយផ្នែកផ្សេងៗនៃសង្គមនៅតែបន្តអនុវត្ត»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





