ប្រធានាធិបតីហ្វាំងឡង់ធ្វើទស្សនកិច្ចនៅទីក្រុងគៀវដើម្បីជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីហ្វាំងឡង់ លោក អាឡិចសាន់ដឺរ ស្ទូបប៍ (Alexander Stubb) បានធ្វើដំណើរទៅកាន់ទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សាជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ស្តីពីការពង្រឹងសន្តិសុខរបស់អ៊ុយក្រែននិងជំរុញសមាហរណកម្មអឺរ៉ុបរបស់ខ្លួន ខណៈដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តសម្រាប់ឆ្នាំទីបួនរបស់ខ្លួន។
លោក អេនឌ្រីរី យើរម៉ាក (Andriy Yermak) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រកាសពីការទៅដល់របស់លោក ស្ទូបប៍ នៅលើបណ្តាញតេឡេក្រាម។ លោកបាននិយាយថា មេដឹកនាំហ្វាំងឡង់នឹងជួបជាមួយលោក ហ្សេលេនស្គី ដើម្បីពិភាក្សាអំពីសមាហរណកម្មអឺរ៉ុប ការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ និងការដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី។
លោក យើរម៉ាក បាននិយាយថា «យើងសូមអរគុណចំពោះការគាំទ្រដ៏ជាប់លាប់ និងរឹងមាំរបស់ប្រទេសហ្វាំងឡង់ និងលោក អាឡិចសាន់ដឺរ ស្ទូបប៍ ដោយផ្ទាល់»។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អេនឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានស្វាគមន៍លោក ស្ទូបប៍ នៅស្ថានីយ៍រថភ្លើង Kyiv-Pasazhyrskyi រួមគ្នាជាមួយលោក យើរម៉ាក។ លោកបានកោតសរសើរចំពោះការគាំទ្ររបស់ហ្វាំងឡង់នៅក្នុងការបង្ហោះមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គមអ៊ិច (X) របស់សហរដ្ឋអាមេរិក។
លោក ស៊ីប៊ីហា បាននិយាយថា «យើងថ្លែងអំណរគុណចំពោះប្រទេសហ្វាំងឡង់សម្រាប់ការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ខ្លួន ទាំងភាពជាអ្នកដឹកនាំនៅក្នុងអង្គការ OSCE និងគោលជំហរជាគោលការណ៍។ យើងឱ្យតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ស្ទូបប៍»។
លោកបានបន្ថែមថា អ៊ុយក្រែនកំពុងធ្វើការជាមួយដៃគូដើម្បីនាំមកនូវសន្តិភាពប្រកបដោយនិរន្តរភាព និងធានាសន្តិសុខនៅអឺរ៉ុប៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





