ការតវ៉ាដោយហិង្សាបណ្តាលឱ្យមនុស្ស ៣៤នាក់ស្លាប់ និង ១.៣៦៨នាក់ផ្សេងទៀតរងរបួសនៅនេប៉ាល់
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាល និងប្រជាជននៃប្រទេសនេប៉ាល់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការតវ៉ាដោយហិង្សាចាប់តាំងពីដើមសប្តាហ៍នេះនៅក្នុងប្រទេសនេប៉ាល់បានកើនឡើងដល់ ៣៤នាក់ហើយ ខណៈដែលមនុស្ស១.៣៦៨នាក់ផ្សេងទៀតបានរងរបួស។
យោងតាមសារព័ត៌មាន OnlineKhabar អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ប្រាកាស់ ប៊ុតដាថូគី (Prakash Budhathoki) បាននិយាយថា ក្នុងចំណោមអ្នករងរបួសចំនួន ១.៣៦៨នាក់នោះ មាន ៩៤៩នាក់ត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យហើយ។
លោកបាននិយាយបន្ថែមថា ចំនួនអ្នកស្លាប់នេះ គឺផ្អែកទៅលើទិន្នន័យដែលប្រមូលបានពីទូទាំងប្រទេស។
ប្រទេសនេប៉ាល់បានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ នៅពេលដែលមានការតវ៉ាបានអង្រួនប្រទេសមួយនេះ បន្ទាប់ពីមានការដាក់បម្រាមទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ ក្រុមបាតុករ «យុវជនជំនាន់ Z (Gen Z)» បានចាប់ផ្តើមចលនាតវ៉ាកាន់តែទូលំទូលាយប្រឆាំងនឹងអំពើពុករលួយដែលត្រូវបានចោទប្រកាន់ដោយបានទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ស្សាម៉ា អូលី (Sharma Oli)។
កិច្ចពិភាក្សាកំពុងដំណើរការដើម្បីបង្កើតរដ្ឋបាលបណ្តោះអាសន្ន។
កងទ័ពបានទទួលការបញ្ជាការសន្តិសុខក្នុងប្រទេសបន្ទាប់ពីការតវ៉ាបានបង្ខំឱ្យលោក អូលី លាលែងពីតំណែង។
កងទាហាននេប៉ាល់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ចំពេលដែលមានបម្រាមគោចរដើម្បីស្ដារច្បាប់ និងសណ្តាប់ធ្នាប់ឡើងវិញ។
យ៉ាងហោចណាស់ មនុស្សពីរនាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលកងទ័ពបានបើកការបាញ់ប្រហារដើម្បីរារាំងការហែកគុក។
ការប៉ុនប៉ងហែកគុកចុងក្រោយបំផុត បានកើតឡើងនៅក្នុងស្រុករ៉ាមេឆាប នៃខេត្តបាកម៉ាទី នៅពេលដែលអ្នកទោសបានទម្លុះសោខាងក្នុងជាច្រើន ហើយព្យាយាមវាយបំបែកទ្វារធំ មុនពេលកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ។
ប៉ូលិសបាននិយាយថា ស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រងហើយគ្មានអ្នកទោសណាអាចរត់គេចខ្លួនបានឡើយ។
យោងតាមអ្នកនាំពាក្យការិយាល័យកណ្តាលប៉ូលិសនេប៉ាល់ លោក ប៊ីណូដ ហ្គីមីរេ (Binod Ghimire) បាននិយាយថា «អ្នកទោសចំនួន១៤.៣០៧នាក់បានរត់គេចចេញពីពន្ធនាគារផ្សេងៗគ្នានៅទូទាំងប្រទេស»ក្នុងអំឡុងពេលនៃការតវ៉ានេះ។ នេះបើយោងតាមសារព័ត៌មាននេប៉ាល់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងការស្ទង់មតិតាមប្រព័ន្ធអនឡាញមួយ យុវជនដែលតវ៉ាបានជ្រើសរើសអតីតប្រធានចៅក្រម ស៊ូស្ស៊ីឡា កាគី (Sushila Karki) ជាបេក្ខភាពសម្រាប់ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន។
ប៉ុន្តែនៅមិនទាន់មានសេចក្តីសម្រេចចុងក្រោយនៅឡើយទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





