ចិន និងព័រទុយហ្គាល់សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ និងការពារពាណិជ្ជកម្មសេរី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក ល្វីស ម៉ុនតេនេហ្គ្រោ (Luis Montenegro) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ដោយភាគីទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នាដើម្បីការពារពាណិជ្ជកម្មសេរី។
លោក លី បាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ព័រទុយហ្គាល់ ដែលបង្ហាញពីឱកាសថ្មីសម្រាប់ការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកបានកត់សម្គាល់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសព័រទុយហ្គាល់ដើម្បីបង្កើនការផ្លាស់ប្តូរកម្រិតកំពូល ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក លី បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសព័រទុយហ្គាល់ បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ទាញយកសក្តានុពលនៃវិស័យដែលកំពុងរីកចម្រើនដូចជាសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង បង្កើតកត្តាជំរុញកំណើនបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងគាំទ្រសហគ្រាសនៃប្រទេសទាំងពីរក្នុងការស្វែងរកទីផ្សារភាគីទីបីជាមួយគ្នា។
លោក ម៉ុងតេនេហ្គ្រោ បាននិយាយថា រដ្ឋាភិបាលព័រទុយហ្គាល់មានឆន្ទៈយកខួបលើកទី២០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរជាឱកាសដើម្បីបង្កើនកិច្ចសន្ទនា និងការផ្លាស់ប្តូរនៅគ្រប់កម្រិត ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ពាណិជ្ជកម្ម កសិកម្ម កិច្ចការសមុទ្រ វប្បធម៌ និងកីឡា និងបង្កើតចំណុចសំខាន់ថ្មីក្នុងនវានុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល កិច្ចសហប្រតិបត្តិការឌីជីថល និងសេដ្ឋកិច្ចបៃតង។
លោកបានបន្ថែមថា ប្រទេសព័រទុយហ្គាល់មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសចិននៅលើវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងលទ្ធិគាំពារនិយម និងដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរីបើកចំហ និងយុត្តិធម៌៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





