ចិន រុស្ស៊ី និងម៉ុងហ្គោលី ធ្វើសមយុទ្ធការពារព្រំដែនរួមគ្នាជាលើកដំបូង
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសចិន រុស្ស៊ី និងម៉ុងហ្គោលី បានធ្វើសមយុទ្ធការពារព្រំដែនរួមគ្នារបស់ពួកគេ ដោយចាប់ផ្តើមធ្វើសមយុទ្ធនៅក្នុងតំបន់ព្រំដែនមួយដែលមានចំណុចប្រសព្វរវាងប្រទេសទាំងបី។
កាសែត The People's Liberation Army Daily បានរាយការណ៍កាលពីថ្ងៃពុធថា សមយុទ្ធនេះមានឈ្មោះថា «Border DefenseCooperation 2025» ដោយផ្តោតលើការពង្រឹងការសម្របសម្រួលប្រឆាំងនឹងភេរវករ និងសកម្មភាពបំផ្លិចបំផ្លាញនៅតាមតំបន់ព្រំដែន។
យោងតាមរបាយការណ៍បានឱ្យដឹងថា សមយុទ្ធរួមនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសទាំងបីក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខតាមព្រំដែន ហើយការបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។
ក្នុងអំឡុងពេលសមយុទ្ធនេះ ភាគីទាំងបីបានបង្កើតប៉ុស្តិ៍បញ្ជាការរួមមួយនៅក្នុងប្រទេសចិន ហើយបានអនុវត្តន៍សកម្មភាពរួមមានការធ្វើផែនការរួមគ្នា ការឈ្លបយកការណ៍ និងការវាយប្រហារ ការសាកល្បងគំរូថ្មីនៃកិច្ចសហប្រតិបត្តិការការពារព្រំដែន។ ក្រោយសមយុទ្ធ យោធាទាំងបីបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការគ្រប់គ្រងក្នុងតំបន់ និងគ្រប់គ្រងព្រំដែន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





