ម៉ាឡេស៊ីជំរុញអាស៊ានឱ្យប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងចែករំលែកទិន្នន័យដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក សៃហ្វុដឌីន ណាស៊ូតុន អ៊ីស្មែល (Saifuddin Nasution Ismail) បាននិយាយថា អាស៊ានត្រូវតែប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងពង្រឹងការចែករំលែកទិន្នន័យក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៩ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន(AMMTC) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបាននិយាយថា ការរំខានជាសកល និងបច្ចេកវិទ្យាថ្មីកំពុងកំណត់ឡើងវិញនូវសន្តិសុខ ជាមួយនឹងឧក្រិដ្ឋជនដែលប្រើប្រាស់ប្រព័ន្ធឌីជីថល រូបិយប័ណ្ណគ្រីបតូ និងAI ដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគេឆ្លងព្រំដែន។
បច្ចេកវិទ្យា AI ជំនាន់ថ្មី គឺជាការផ្លាស់ប្តូរសម្រាប់ការសម្រេចបាននូវគោលដៅមួយចំនួន ប៉ុន្តែបច្ចេកវិទ្យានេះមានប្រយោជន៍តែជាមួយនឹងទិន្នន័យត្រឹមត្រូវ និងគ្រប់គ្រាន់ប៉ុណ្ណោះ។
លោកបានគូសបញ្ជាក់ថា «នោះហើយជាមូលហេតុដែលការចែករំលែកទិន្នន័យគឺជាកត្តាចាំបាច់ ប្រសិនបើយើងចង់ធ្វើការរួមគ្នាដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មឆ្លងដែន»។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានព្រមានថា ការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងឌីជីថលនីយកម្ម ក៏បង្កើតហានិភ័យផងដែរដោយសារបណ្តាញឧក្រិដ្ឋកម្មកេងប្រវ័ញ្ចសេដ្ឋកិច្ចបើកចំហ បញ្ហាព្រំដែនដ៏ផុយស្រួយ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនសម្រាប់សកម្មភាពរាប់ចាប់ពីការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមអនឡាញ រហូតដល់ការលាងលុយកខ្វក់ និងបទល្មើសបរិស្ថានជាដើម។
លោកបានសង្កត់ធ្ងន់ថា ការគំរាមកំហែងបែបនេះធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច ធ្វើឱ្យស្ថាប័នចុះខ្សោយ និងបំផ្លាញទំនុកចិត្តសាធារណៈដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ដែលងាយរងគ្រោះបំផុត។លោកបានជំរុញឱ្យសមាជិកអាស៊ានប្រែក្លាយការប្តេជ្ញាចិត្តទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង សកម្មភាពសម្របសម្រួល និងលទ្ធផលជាក់ស្តែង។
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





