អាស៊ានពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- កិច្ចប្រជុំប្រមុខកងកម្លាំងការពារជាតិអាស៊ានលើកទី២២ (ACDFM-22) បានបើកនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយផ្តោតសំខាន់ទៅលើការពង្រឹងសាមគ្គីភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ថ្លែងមតិនៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ង្វៀន តាន់កួង (Nguyen Tan Cuong) អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានគូសបញ្ជាក់ពីបញ្ហាប្រឈមរួមរបស់អាស៊ាន ដោយលោកបានសង្កត់ធ្ងន់ថារដ្ឋជាសមាជិកអាចយកឈ្នះបានតាមរយៈកិច្ចសហប្រតិបត្តិការដោយផ្អែកទៅលើជំនឿទុកចិត្តជាយុទ្ធសាស្ត្រ ភាពស្មោះត្រង់ និងសកម្មភាពរួម។លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិជាក់ស្តែងប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកបានបន្ថែមថា អាស៊ានត្រូវតែបន្តលើកកម្ពស់តួនាទីស្នូលរបស់ខ្លួន និងពង្រឹងការរួបរួមតាមរយៈសកម្មភាពជាក់ស្តែង។
កិច្ចប្រជុំដែលមានរយៈពេលបីថ្ងៃ (ថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៥) នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អាស៊ានរួបរួមដើម្បីសន្តិសុខ និងវិបុលភាព» ក្នុងគោលបំណងកសាងអាស៊ានទៅជាសហគមន៍ដែលមានភាពធន់ និងសកម្មដែលមានសមត្ថភាពអាចដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម។ ការចូលរួមរបស់ប្រទេសទីម័រឡេស្តេក្នុងនាមជាអ្នកសង្កេតការណ៍បានកត់សម្គាល់ពីជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ឋានៈជាសមាជិកទី១១ របស់អាស៊ាន។
នៅក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍នោះ លោកឧត្តមសេនីយ៍ តាន់ ស្រ៊ី អេចជេ ម៉ូដ នីហ្សាំ ប៊ីន អេចជេ ចាហ្វហ្វារ (Tan Sri Hj Mohd Nizam bin Hj Jaffar) អគ្គសេនាធិការនៃកងកម្លាំងការពារប្រទេសម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំ ACDFM-22 បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជាសមាជិកទាំងអស់។ លោកបាននិយាយថា កិច្ចប្រជុំបានអះអាងសារជាថ្មីនូវការគាំទ្ររបស់មេដឹកនាំការពារជាតិអាស៊ានសម្រាប់ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងអត្ថប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងអស់ដោយមិនគិតពីទំហំ ឬសមត្ថភាពសេដ្ឋកិច្ចឡើយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





