អ៊ីស្រាអែលវាយប្រហារអគារក្រសួងការពារជាតិនៅយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រភពពីអាជ្ញាធរមូលដ្ឋានបានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) កាលពីថ្ងៃពុធថា យន្តហោះអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើអគារក្រសួងការពារជាតិនៃចលនាអាន់សារ អាល់ឡាហ៍ របស់ប្រទេសយេម៉ែន ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ូធី នៅក្នុងទីក្រុងសាណាអា ។
ប្រភពនោះបាននិយាយថា «ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួនបីលើកត្រូវបានធ្វើឡើងទៅលើបរិវេណក្រសួងការពារជាតិរបស់រដ្ឋាភិបាលអាន់សារ អាល់ឡាហ៍ នៅកណ្តាលទីក្រុងសាណាអា»។
ប្រភពនោះបាននិយាយបន្ថែមថា «យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ចំនួនបីលើកទៅលើបន្ទាយយោធានៅក្នុងអគាររដ្ឋាភិបាលដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃខេត្ត Jawf ជាប់ព្រំដែនជាមួយអារ៉ាប៊ីសាអូឌីត»។
អ្នកនាំពាក្យរបស់ក្រុមយោធាហ៊ូធី លោក យ៉ាហ៍យ៉ា សារីយ៉ា (Yahya Saria) បាននិយាយថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសយេម៉ែនកំពុងវាយលុកការវាយប្រហាររបស់អ៊ីស្រាអែល។
លោក សារីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ប្រព័ន្ធការពារដែនអាកាសរបស់យើងបច្ចុប្បន្នកំពុងប្រឈមមុខនឹងយន្តហោះអ៊ីស្រាអែល ដែលឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង»។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានធ្វើការវាយប្រហារថ្មីមួយទៅលើមូលដ្ឋានយោធានៃចលនាអាន់សារ អាល់ឡាហ៍ របស់ប្រទេសយេម៉ែន ដែលត្រូវបានគេស្គាល់ថាជាក្រុមឧទ្ទាមហ៊ូធី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





