ទស្សនៈ៖ ឧទាហរណ៍មួយទៀតនៃការបំផ្លិចបំផ្លាញវប្បធម៌ដោយកងទ័ពថៃ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥–កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ ខ្ញុំបានទៅដល់ភូមិអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងនាមជាសមាជិក នៃក្រុមសង្កេតការណ៍របស់រដ្ឋសភាកម្ពុជា។ ក្រុមការងារនេះនេះដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការរដ្ឋសភាផ្នែកការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងមានតំណាងជាច្រើនរូបទៀតពីក្រសួងព័ត៌មានចូលរួមផងដែរ។

ស្របពេលនឹងដំណើររអង្កេតផ្ទាល់នៅតាមសមរភូមិនឹងកងទ័ពថៃរយៈពេលពីរម៉ោងរបស់យើង ក្រសួងការពារជាតិកម្ពុជាក៏បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាពីប្រទេសអូស្ត្រាលីចិន បារាំង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន រុស្ស៊ីសិង្ហបុរី វៀតណាម និងសហរដ្ឋអាមេរិក។

ជាមួយគ្នានោះ ក៏មានបណ្ដាអ្នកសារព័ត៌មានពីប្រទេសកម្ពុជា ចិន បារាំងនិងជប៉ុនចូលរួមដែរ។
ទីសក្ការបូជាមួយដែលរងការបំផ្លាញ ច្រកអានសេះជាទូទៅបើកតែពីរថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃអង្គារ និងព្រហស្បតិ៍)។ នៅពេលក្រុមរបស់យើងទៅដល់ច្រកព្រំដែនក្នុងតំបន់ដាច់ស្រយាលខាងលើនេះ ភ្លាមៗនោះយើងរន្ធត់ចិត្តឥតឧបមា ដោយឃើញស្លាកស្នាមនៃការបំផ្លិចបំផ្លាញបុស្បុកលោកតាអ៊ុំ។ ទីនេះជាកន្លែងបូជាឧទ្ទិសដល់មេទ័ពខ្មែរដ៏ល្បី ហើយស្ថិតនៅចំកណ្តាលរង្វង់មូលអានសេះ។

ផ្សារដែលនៅជាប់នឹងច្រកព្រំដែនក៏ដូចជាលំនៅឋានពលរដ្ឋរាប់សិបខ្នង ក៏ត្រូវបានបំផ្លាញដែរ។
យើងទទួលព័ត៌មានថា ការបំផ្លាញនេះបណ្តាលមកពីការទំលាក់គ្រាប់បែករបស់កងទ័ពថៃ ដែលបានកើតឡើងថ្មីៗ នៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី២៨កក្កដា។
អ្វីដែលនៅសល់ពីបុស្បុកនេះ គឺសំណល់បេតុងបែកបាក់នៃរូបសំណាក់លោកតាអ៊ុំជិះសេះ បង្គោលដងទង់ជាតិកម្ពុជាដែលដួលរលំ និងវត្ថុជាច្រើនដែលមានសារៈសំខាន់ខាងវប្បធម៌ ដូចជាចម្លាក់ “នាគរាជ” និងការតុបតែងរចនាតាម“ក្បាច់ប្រពៃណី” នៅលើដំបូល និងជញ្ជាំង។
យើងឃើញមាន រណ្តៅទម្លាក់គ្រាប់បែកជាច្រើននៅក្នុង និងជុំវិញបរិវេណខាងលើ ព្រមទាំងនៅលើផ្លូវថ្នល់ដែរ។

“ម្ចាស់ទឹកម្ចាស់ដី” អ្នកស្រុកប្រាប់យើងថា បុស្បុកនេះជាកន្លែងសក្ការៈបូជាតាមបែបប្រពៃណីខ្មែរ ដែលគេហៅថា "អ្នកតា"។
ប្រជាពលរដ្ឋតំបន់នេះគោរពលោកតាអ៊ុំ ចាត់ទុកជាអ្នកថែរក្សាតំបន់អានសេះ។
បរិបថប្រហាក់ប្រហែលគ្នាខាងលើ មានបុគ្គលសំខាន់ជាច្រើនទៀតក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលក្រោយមកទទួលបានការគោរពបូជាប្រហាប់ប្រហែលនឹងលោកតាអ៊ុំ ក្នុងនោះ រួមមានលោកតាដំបងក្រញូងនៅខេត្តបាត់ដំបង ជារូបចម្លាក់ស្ថិតនៅលើរង្វង់មូលចូលទៅទីក្រុង និងលោកឧកញ៉ាឃ្លាំងមឿង ដែលរូបសំណាករបស់លោកស្ថិតនៅចម្ងាយពីរទៅបីគីឡូម៉ែត្រពីក្រុងពោធិ៍សាត់។
យោងតាមលោក ជា គឹមសេង អតីតអភិបាលស្រុកជាំក្សាន្ត បានប្រាប់យើងថា តាំងពីគាត់នៅក្មេង មានដើមធ្លកមួយស្ថិតនៅជិតផ្សារ ដែលគេតែងតែឧទ្ទិសដល់លោកតាអ៊ុំដែរ។ គាត់និយាយថា គាត់ស្គាល់ទាំងឈ្មោះដើមនេះជាភាសាអង់គ្លេសតាំងពីកុមារភាពមក គេហៅថា អាណាមីស បារូដា(Annamese burada)។
បុស្បុកថ្មីក្នុងសម័យទំនើបនេះ កសាងឡើងក្នុងឆ្នាំ២០០៩ តែបានបន្តប្រពៃណីអ្នកស្រុកតំបន់អានសេះ។ អានសេះ មានដែលមានន័យថា "ជ្រលងសេះ"។ ទីតាំងនេះជាកន្លែងសក្ការបូជា ជាទីប្រជុំសម្រាប់ប្រជាពលរដ្ឋតំបន់នោះ និងអ្នកជំនួញដោះដូរទំនិញតាមព្រំដែន ដូចដែលអតីតអភិបាលស្រុកបានលើកឡើង។
នៅពេលខ្ញុំនៅទីនោះ ខ្ញុំបានឃើញអ្នកស្រុកនៅតែគោរពបូជា និងបន់ស្រន់ ដោយអុជធូបទៀនលើលើផ្ទាំងថ្មដែលបែកបាក់ ជិតរូបសំណាកនាគមួយដែលនៅតែឈរ។
អ្នកដែលឈរមើលនៅទីនោះមានជំនឿថា ការវាយប្រហាររបស់ថៃមិនអាចកម្ទេចចម្លាក់នាគនោះទេ ដ្បិតសត្វនាគនេះជាសត្វដ៏សក្តិសិទ្ធិបំផុត ដែលគេចាត់ទុកថាជានិមិត្តរូបនៃប្រទេសកម្ពុជា ហើយក៏ពាក់ព័ន្ធនឹងទេវកថាបង្កើតនគរខ្មែរកាលពីជាង ១ ៥០០ឆ្នាំមុន។ រីឯរឿងដើមធ្លក ក៏ប្រហាក់ប្រហែលនឹងជំនឿខាងលើដែរ។
នៅតំបន់ដីសណ្តទន្លេមេគង្គជាទីកន្លែងដែលអាណាចក្រហ្វូណន បានកើតឡើងនៅសតវត្សទី១ គេជឿថាដើមធ្លកបានដុះនៅលើដីខ្ពស់ហើយស័ក្តិសិទ្ធិមួយ ដែលគេហៅថា "ទួល" ឬ "គោក"។ ទួលនេះមិនអាចលិចទឹកនៅជំនន់ប្រចាំឆ្នាំ ដែលជាហេតុធ្វើឲ្យកម្ពុជាមានឈ្មោះបុរាណថា ទួលធ្លកនិងគោកធ្លក។
គេអាចបរិភោគផ្លែ និងគ្រាប់ធ្លកបាន។ គេប្រើប្រេងចម្រាញ់ចេញពីគ្រាប់ធ្លកដើម្បីលាបលើគ្រឿងប្រាក់ និងឆ័ត្រ។ ក្រៅពីនេះ គេប្រើសម្រាប់ផលិតសាប៊ូ ជ័រកាវ ថ្នាំលាប ទឹកថ្នាំ ទឹកខ្មៅ និងថ្នាំរលោង។
យើងសង្កេតឃើញថា សព្វថ្ងៃនេះដើមធ្លកនៅតែមានដុះនៅលើដីទួលជិតភ្នំដា ដែលមានប្រាសាទបុរាណក្នុងខេត្តតាកែវ ហើយមានស្លាកស្នាមអារ្យធម៌តាំងពីសម័យអាណាចក្រហ្វូណន និងនៅក្នុងអង្គរធំ ខេត្តសៀមរាប ដុះឈរអមជាផ្លូវចូលទៅកាន់ព្រះបរមរាជវាំងអាណាចក្រអង្គរ។
ការបំផ្លិចបំផ្លាញវប្បធម៌ នៅពេលយើងកំពុងចាំប្រតិភូអនុព័ន្ធយោធាមកពីភ្នំពេញមក មានកងទ័ពថៃនិងអ្នកយាមព្រំដែនជាង១០នាក់ឈរមើលយើងពីចម្ងាយ។ ពួកគេតាមថតសកម្មភាពរបស់យើង ហើយព្យាយាមចូលមកជិតយើង ដោយឆ្លងកាត់តំបន់គ្មានមនុស្សនៅចន្លោះទឹកដីកម្ពុជា និងថៃ ចំនួនពីរលើក។
បុស្បុកលោកតាអ៊ុំ ស្រដៀងនឹងទីសក្ការៈនៅតាមដងផ្លូវ និងលើរង្វង់មូលនានាទូទាំងប្រទេសកម្ពុជា។ ជាទូទៅដងផ្លូវ និងរង្វង់មូលទាំងនោះមានរូបភាពនៃភោគផលកសិកម្ម ឬជារូបសំណាកបុគ្គលសំខាន់ក្នុងតំបន់នោះ។
ដោយសារតែសារសំខាន់ជំនឿ និងវប្បធម៌ បុស្បុកលោកតាអ៊ុំ ត្រូវទទួលបានការការពារតាមច្បាប់ និងបទប្បញ្ញត្តិជាតិ ព្រមទាំងគោលការណ៍ច្បាប់អន្តរជាតិ។
នៅក្នុងប្រទេសកម្ពុជា រដ្ឋធម្មនុញ្ញនាឆ្នាំ១៩៩៣ បានកំណត់កាតព្វកិច្ចរដ្ឋក្នុងកិច្ចការខាងលើ (មាត្រា៦៩ ជំពូក៦)។ បន្ថែមពីនេះ ក៏មានចែងក្នុងច្បាប់ស្តីពីការការពារមរតកវប្បធម៌ឆ្នាំ១៩៩៦។
ច្បាប់នេះណែនាំលម្អិតអំពីកាតព្វកិច្ចរបស់រដ្ឋ ប្រជាពលរដ្ឋ និងនីតិវិធីសម្រាប់ចូលរួមការការពារបេតិកភណ្ឌវប្បធម៌ រួមទាំងទីតាំងប្រវត្តិសាស្ត្រ (ផ្នែក២មាត្រា៦)។
ការបំផ្លាញបុស្បុកលោកតាអ៊ុំ អាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមសន្ធិសញ្ញាបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ នាថ្ងៃទី១២ខែសីហា ឆ្នាំ១៩៤៩។ យោងតាមមាត្រា៥៣ ស្តីពីការការពារសម្បត្តិវប្បធម៌និងកន្លែងសក្ការបូជា បានហាមឃាត់ចំពោះ៖
(ក) ការប្រព្រឹត្តសកម្មភាពអាក្រក់ណាមួយដែលមានទិសដៅប្រឆាំងនឹងប្រាសាទបុរាណ ស្នាដៃសិល្បៈ ឬកន្លែងសក្ការបូជា ដែលជាមរតកវប្បធម៌ ឬវិញ្ញាណរបស់ប្រជាជន
(ខ) ការប្រើប្រាស់កម្មវត្ថុបែបនេះដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា
(គ) ទង្វើដែលនាំឱ្យវត្ថុទាំងនេះក្លាយជាវត្ថុដែលត្រូវដាក់ទណ្ឌកម្ម។
ការបំផ្លិចបំផ្លាញវប្បធម៌នៃប្រាសាទ ទីសក្ការ:ផ្សេងៗ និងវត្តអារាម ត្រូវបានកត់ត្រា និងដោះស្រាយ ទោះបីវាមិនឈានដល់កម្រិតនៃ "សម្បត្តិវប្បធម៌សំខាន់បំផុត" ក៏ដោយ។ ដូចដែលយើងត្រូវបានទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធនោះ។
ព្រឹត្តិការណ៍ខាងលើនេះ ក៏បានកើតឡើងដូចគ្នា តាមរយៈការវាយប្រហារថ្មីៗរបស់ថៃលើតំបន់បេតិកភណ្ឌពិភពលោកនៃប្រាសាទព្រះវិហារ និងប្រាសាទនានានៅខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា រួមមានប្រាសាទតាមាន់ធំ និងវត្តតាមាន់ធំសែនជ័យ។
ដោយ ហេឡេន ចាវីស (បណ្ឌិត ហេឡេន ចាវីស មានស្នាដៃធំធេងក្នុងការងារកត់ត្រា និងជួយថែរក្សាបេតិកភណ្ឌវប្បធម៌ នៃប្រទេសកម្ពុជាអស់ជាង២៥ឆ្នាំមកហើយ។ ថ្វីដ្បិតលោកស្រីបណ្ឌិតជាទីប្រឹក្សារាជរដ្ឋាភិបាល ប៉ុន្តែវិចារណកថាជាទស្សនៈផ្ទាល់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់។)
ប្រភពរូបថត៖ ហេឡេន ចាវីស, ជា គឹមសេង និង ដារៀល ខូលីនស៍ (ដកស្រង់ពីសៀវភៅ “ផ្ទះឈើខ្មែរ មរតក១៥០០ឆ្នាំ” និពន្ធដោយ ដារៀល ខូលីនស៍ និង ហុក សុកុល ដែលបោះពុម្ពលើកទីមួយកាលពីឆ្នាំ២០២២ ដោយអង្គការស៊ីប៉ា)





