ក្នុងស្មារតីមិនទុកពលរដ្ឋចោល! រាជរដ្ឋាភិបាលបើកដំណើរការ «ផ្សារបណ្តោះអាសន្ន» ធានាជីវភាពជូនពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦--ក្នុងស្មារតី «មិនទុកពលរដ្ឋណាម្នាក់ចោល» និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះផ្ទាល់ដើម្បីពិនិត្យទីតាំង និងប្រកាសបើកដំណើរការផ្សារបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួនជាង២៨០០គ្រួសារដែលកំពុងរស់នៅបណ្តោះអាសន្នក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦នឹះ។
ក្នុងដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានគូសបញ្ជាក់ថា ការរៀបចំផ្សារបណ្តោះអាសន្ននេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការស្តារជីវភាពពលរដ្ឋឡើងវិញជាជំហានៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្តល់ទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែយើងគិតគូរដល់ការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនផងដែរ។ ការបង្កើតផ្សារនេះ គឺដើម្បីធានាថា បងប្អូនមានទីតាំងលក់ដូរដែលប្រមូលផ្តុំ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងមានអនាម័យល្អប្រសើរ។ការប្រកាសរៀបចំផ្សារបណ្តោះអាសន្ននេះ បានបង្កើតឱ្យមានក្តីសង្ឃឹមថ្មីសម្រាប់បងប្អូនអាជីវករដែលពីមុនធ្លាប់តែលក់ដូរតាមខ្នងផ្ទះ។

អ្នកស្រី សុខ នី អាជីវករម្នាក់ក្នុងចំណោមអាជីវករជាច្រើនបានបង្ហាញអារម្មណ៍រំភើបថា «ពីមុនពួកខ្ញុំលក់ដូររាយប៉ាយតាមផ្ទះ បើថ្ងៃភ្លៀងថ្ងៃខ្យល់គឺពិបាកណាស់។ ពេលនេះឃើញថ្នាក់ដឹកនាំចុះមកមើលផ្ទាល់ ហើយរៀបចំផ្សារឱ្យមានទីតាំងច្បាស់លាស់បែបនេះ ពួកខ្ញុំមានកម្លាំងចិត្តខ្លាំងណាស់ ព្រោះវាជួយឱ្យការលក់ដូរមានរបៀប និងងាយស្រួលរកចំណូលបានច្រើនជាងមុន»។

ចំណែកឯពលរដ្ឋម្នាក់ទៀត បានបន្ថែមថា ការដែលរាជរដ្ឋាភិបាលមិនត្រឹមតែឧបត្ថម្ភថវិកាប្រចាំថ្ងៃ ប៉ុន្តែថែមទាំងគិតគូរដល់មុខរបររយៈពេលវែងបែបនេះ គឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ និងមានជំនឿជាក់លើការដឹកនាំរបស់សម្តេចធិបតី។
ក្រៅពីការពិនិត្យទីតាំងផ្សារ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានចុះសួរសុខទុក្ខដល់អាជីវករដែលកំពុងប្រកបរបរតាមខ្នងផ្ទះ ដោយបានលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំប្រកបរបរទទួលទានតាមលទ្ធភាព ខណៈរាជរដ្ឋាភិបាលនៅតែបន្តការឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីធានាឱ្យបាននូវស្ថិរភាពជីវភាពគ្រួសារ ក្នុងអំឡុងពេលដែលពួកគាត់កំពុងសម្របខ្លួននឹងទីតាំងថ្មីនេះ។
ដំណើរបន្តចុះមូលដ្ឋានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាការយកចិត្តទុកដាក់ជាប្រព័ន្ធ រាជរដ្ឋាភិបាលតែងតែតាមដាន និងរកដំណោះស្រាយជូនពលរដ្ឋក្នុងគ្រប់កាលៈទេសៈ។
ភាពជិតស្និទ្ធ មន្ត្រីថ្នាក់ដឹកនាំមិននៅឃ្លាតឆ្ងាយពីប្រជាជន ប៉ុន្តែបានចុះផ្ទាល់ដើម្បីស្តាប់ និងដោះស្រាយទុក្ខលំបាក។សាមគ្គីភាព ការមិនបោះបង់ចោលជនភៀសសឹក គឺជាគោលការណ៍ដ៏សំខាន់ក្នុងការរក្សាសុខុមាលភាពសង្គមជាតិ។
ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយផ្តោតលើការផ្តល់ជូននូវទីកន្លែងរស់នៅ និងមុខរបរដែលប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខុមាលភាព៕
ដោយ ឈុន សារ៉ាត





