ក្រុមទូកនាគកម្ពុជាមិនទទួលបានមេដាយ ប៉ុន្តែបានបំបែកកំណត់ត្រាចាស់ ក្នុង World Games នៅចិន
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥--ក្រុមទូកនាគជម្រើសជាតិកម្ពុជាពុំទទួលបានមេដាយឡើយ នៅក្នុងការប្រកួតកីឡា World Games នៅខេត្ត Chengdu សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៧-១១ ខែសីហា ឆ្នាំ២០២៥ ប៉ុន្តែក្រុមទូកកម្ពុជាបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ក្នុងការប្រកួតកម្រិតពិភពលោក ដែលមានក្រុមប្រទេសខ្លាំងៗចូលរួម។

លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជាបានគូសបញ្ជាក់ថា ក្នុងការប្រកួតទូក ក្នុងព្រឹត្តិការណ៍ World Games ឆ្នាំ២០២៥នេះ គឺក្រុមទូកកម្ពុជាបានចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា ហើយមានវិញ្ញាសាមួយចំនួន គឺបានបំបែកកំណត់ត្រាចាស់ ដែលធ្លាប់បានធ្វើសម្រេចក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) កាលពីឆ្នាំ២០២៣។ គ្រូជំនួយរូបនេះបន្ថែមថា ក្នុងចំណោម៦វិញ្ញាសា ដែលកម្ពុជាបានចូលរួមនេះ មានវិញ្ញាសា២០០ម៉ែត្រចំណុះ៨នាក់ចម្រុះបុរសនារី គឺទទួលបានលទ្ធផលល្អឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយជាប់ចំណាត់លេខ៦ ក្នុងកម្រិតដណ្តើមមេដាយ។ បើប្រៀបធៀបនឹងវិញ្ញាសាមួយនេះរបស់កម្ពុជា ដែលធ្លាប់ចូលរួមប្រកួត កីឡាអាស៊ី (Asian Games) កាលពីឆ្នាំ២០២៣ គឺវិញ្ញាសារបស់កម្ពុជាមួយនេះ មិនអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រឡើយ។ លទ្ធផលនេះ គឺកម្ពុជាបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ខណៈការប្រកួត World Games គឺជាព្រឹត្តិការណ៍ប្រកួតធំប្រមូលផ្តុំដោយប្រទេសខ្លាំងៗជាច្រើន។

លោក គង់ សុភាព បញ្ជាក់ទៀតថា សម្រាប់លទ្ធផលនៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ថ្វីដ្បិតយើងមិនអាចនាំយកមេដាយមកជូនជាតិ និងសហព័ន្ធក៏ពិតមែន ប៉ុន្តែលទ្ធផលដែលទទួលបានមកនេះ បានសរបញ្ជាក់ថា ការចូលរួមរបស់ក្រុមជម្រើសជាតិទូកនាគកម្ពុជាពីមួយលើកទៅមួយលើក ក្នុងព្រឹត្តិការណ៍ធំៗ គឺបានវិវឌ្ឍសមត្ថភាពរីកចម្រើនរំកិលឈានទៅរកកម្រិតមេដាយ។ លោកអះអាងថា បទពិសោធ ដែលទទួលបានពីការប្រកួតធំៗទាំងនេះ កម្ពុជានឹងនាំមកអនុវត្តសម្រាប់ការហ្វឹកហាត់បំពេញចន្លោះខ្វះខាតមួយចំនួន ដោយកែប្រែពីចំណុចខ្លះខាតប្រែក្លាយទៅជាចំណុចខ្លាំង ដើម្បីនាំយកមេដាយជូនកម្ពុជា សម្រាប់ការប្រកួតធំៗ នាពេលខាងមុខ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ World Games នៅសាធារណរដ្ឋប្រជាម៉ានិតចិន ឆ្នាំ២០២៥ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមការដឹកនាំពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីសរុប១៥នាក់ចូលរួមប្រកួតលើ៦វិញ្ញាស។ ចំពោះព្រឹត្តិការណ៍ប្រកួតទាំងមូល មាន ១១៧ប្រទេសចូលរួម ដោយប្រកួតលើ ៤២ប្រភេទកីឡា ចាប់ពីថ្ងៃទី០៧-១៧ ខែ សីហា ឆ្នាំ២០២៥ ទើបបញ្ចប់ការប្រកួត៕

ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធ)





