ទីក្រុងយេរេវ៉ាន់ និងទីក្រុងបាគូ បង្កើតសន្តិភាពរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអាមេនី លោកនីកូល ប៉ាស៊ីនយ៉ាន់ (Nikol Pashinyan) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធអនឡាញថា ទីក្រុងយេរេវ៉ាន់ និងទីក្រុងបាគូបានបង្កើតសន្តិភាព តាមរយៈការចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនានានៅក្នុងទីក្រុងវ៉ាស៊ីនតោន។
លោកបានកត់សម្គាល់ថា «អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ។ ខ្ញុំបាននិយាយអស់រយៈពេលជាច្រើនខែហើយថា នឹងមិនមានសង្រ្គាមរវាងអាមេនី និងអាស៊ែរបៃហ្សង់ទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងមានសន្តិភាព។ នៅថ្ងៃនេះ យើងអាចនិយាយបានថាសន្តិភាពត្រូវបានបង្កើតឡើងដោយផ្អែកលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសរបស់យើង»។
លោក ប៉ាស៊ីនយ៉ាន់ បាននិយាយបន្ថែមថា ការមិនទប់ស្កាត់នូវបណ្តាញទំនាក់ទំនងដឹកជញ្ជូនក្នុងតំបន់នឹងទាក់ទាញការវិនិយោគរាប់ពាន់លានចូលទៅក្នុងសេដ្ឋកិច្ចអាមេនី ហើយនឹងជំរុញឱ្យពលរដ្ឋរបស់ប្រទេសនេះមានការរួបរួមគ្នាជុំវិញរបៀបវារៈនៃសន្តិភាព។ លោកបានបន្ថែមថាដំណើរការកំណត់ព្រំដែនរវាងអាមេនី និងអាស៊ែរបៃហ្សង់នឹងត្រូវបន្តធ្វើ។
នាយករដ្ឋមន្ត្រីអាមេនី និងប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev) បានចុះហត្ថលេខាលើអនុស្សរណៈមួយ ស្តីពីការមិនទប់ស្កាត់ការតភ្ជាប់ការដឹកជញ្ជូន ដោយមានវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ផ្លូវមួយឆ្លងកាត់តំបន់ស៊ីយូនីករបស់ប្រទេសអាមេនី នឹងតភ្ជាប់ដីគោករបស់អាស៊ែរបៃហ្សង់ជាមួយនឹងតំបន់ណាកជីវ៉ាន់របស់ខ្លួន។ ច្រករបៀងឆ្លងកាត់នោះនឹងត្រូវបានដាក់ឈ្មោះថា វិថីត្រាំ។
ទន្ទឹមនឹងនោះដែរ ក្រសួងការបរទេសអាមេនីបានប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពដំបូងជាមួយអាស៊ែរបៃហ្សង់នឹងត្រូវបានបោះពុម្ពផ្សាយនៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





