លោក លី ជេយ៉ុង នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំកំពូលវៀតណាមសម្រាប់កិច្ចពិភាក្សាកំពូលនៅសប្តាហ៍ក្រោយ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក លី ជេយ៉ុង (Lee Jae Myung) នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) សម្រាប់កិច្ចពិភាក្សាកំពូលនៅដើមសប្តាហ៍ក្រោយ ខណៈដែលប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យដែលរួមមានពាណិជ្ជកម្ម ការវិនិយោគ និងផ្លូវរថភ្លើងល្បឿនលឿន។
អ្នកនាំពាក្យប្រធានាធិបតី លោកស្រី កាង យូជុង (Kang Yu-jung) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក ឡឹម នឹងធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអាទិត្យនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសចាប់តាំងពីលោក លី ចូលកាន់តំណែងនៅថ្ងៃទី៤ ខែមិថុនា។
លោកស្រី កាង បាននិយាយថា លោក លី និងលោក ឡឹម នឹងធ្វើកិច្ចពិភាក្សាកំពូលនៅថ្ងៃចន្ទ ហើយបន្តដោយពិធីជប់លៀងរដ្ឋដែលរៀបចំដោយលោក លី។
លោកស្រីបាននិយាយថា មេដឹកនាំទាំងពីរគ្រោងនឹងមានការពិភាក្សាស៊ីជម្រៅលើបញ្ហានយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងផ្នែកយុទ្ធសាស្ត្រនាពេលអនាគត ដូចជាថាមពលនុយក្លេអ៊ែរ ផ្លូវរថភ្លើងល្បឿនលឿន ទីក្រុងឆ្លាតវៃ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោកស្រីបាននិយាយថា «ប្រទេសវៀតណាមគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់មួយរបស់យើង និងជាដៃគូស្នូលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមអាស៊ាន»។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិកា លោក តូ ឡឹម ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងទិសដៅដែលមានផលប្រយោជន៍ទៅវិញទៅមកនាពេលអនាគត ហើយក៏ជាឱកាសមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយអាស៊ានផងដែរ។
យោងតាមមន្ត្រីរបស់ប្រធានាធិបតីបានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំកំពូល អាហារពេលល្ងាចថ្នាក់រដ្ឋនឹងប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គការសេដ្ឋកិច្ច និងធុរកិច្ចធំៗ ក៏ដូចជាឥស្សរជនមកពីវិស័យផ្សេងៗ រួមទាំងសិល្បៈផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





