មីយ៉ាន់ម៉ា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់មូលនិធិពិសេសឡានឆាង-មេគង្គ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) ឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅរដ្ឋធានីណៃពិដោររបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា លោក យូ កូកូយ៉ោ (U Ko Ko Kyaw) និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី ម៉ា ជៀ (Ma Jia) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងសហប្រតិបត្តិការ LMC។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា។
លោកស្រី ម៉ា បាននិយាយថា ការចុះហត្ថលេខាលើគម្រោងចំនួន១៤ ក្រោមមូលនិធិពិសេស LMC ឆ្នាំ២០២៥ នេះ នឹងបន្តជួយដល់ការអភិវឌ្ឍរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម ការការពារបរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការអប់រំ និងការការពារគ្រោះមហន្តរាយជាដើម។
លោកស្រីបាននិយាយបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ាក្នុងការប្រើប្រាស់មូលនិធិនេះឱ្យបានល្អ និងជំរុញការកសាងសហគមន៍ចិន-មីយ៉ាន់ម៉ា ជាមួយនឹងអនាគតរួមគ្នា ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក យូ ថានស្វេ (U Than Swe) ដែលជាសមាជិកនៃគណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋរបស់មីយ៉ាន់ម៉ា បានសម្តែងការកោតសរសើរចំពោះការគាំទ្រផ្នែកថវិការបស់ប្រទេសចិន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយមីយ៉ាន់ម៉ា។
ចាប់តាំងពីឆ្នាំ២០១៨ មក ប្រទេសមីយ៉ាន់ម៉ាបានទទួលការគាំទ្រពីមូលនិធិ LMC សម្រាប់គម្រោងសរុបចំនួន១៣២ ក្នុងក្រុមចំនួន៨ ដែលធ្វើឱ្យវាក្លាយជាប្រទេសក្នុងតំបន់ទន្លេមេគង្គដែលមានគម្រោងច្រើនបំផុតដែលត្រូវបានអនុម័ត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





