ឥណ្ឌូណេស៊ីពង្រីកតំបន់ការពារដែនសមុទ្រសម្រាប់គោលដៅបៃតង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកតំបន់ការពារដែនសមុទ្ររបស់ខ្លួន (MPAs) ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរយៈពេលវែងក្នុងការកសាងសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាពនៅត្រឹមឆ្នាំ២០៤៥។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ឥណ្ឌូណេស៊ី លោក សាកទី វ៉ាយុ ត្រេងហ្គោណូ (Sakti Wahyu Trenggono)។
លោក ត្រេងហ្គោណូ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលបំណងបង្កើនការគ្របដណ្តប់សរុបនៃតំបន់ការពារដែនសមុទ្រដល់ទៅ ៩៧,៥លានហិកតានៅត្រឹមឆ្នាំ២០៤៥។ គំនិតផ្តួចផ្តើមនេះបង្កើតបានជាធាតុផ្សំសំខាន់នៃចក្ខុវិស័យ «ឥណ្ឌូណេស៊ីមាសឆ្នាំ២០៤៥» ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍដែនសមុទ្រប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន។
ខណៈដែលវឌ្ឍនភាពដ៏សំខាន់ត្រូវបានធ្វើឡើងក្នុងការកំណត់តំបន់អភិរក្សនោះ លោក ត្រេងហ្គោណូ បានសម្តែងការព្រួយបារម្ភរបស់លោកថា តំបន់ការពារជាច្រើននៅតែងាយរងគ្រោះដោយការទន្ទ្រានកាន់កាប់ ដែលគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សំខាន់។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ លោកបានរំលឹកឡើងវិញនូវគោលជំហររបស់ក្រសួងចំពោះការហាមឃាត់នាវាដឹកទំនិញ ដឹកអ្នកដំណើរ និងកប៉ាល់នេសាទមិនឱ្យធ្វើដំណើរតាមតំបន់អភិរក្សនោះទេ ជាពិសេសនៅជុំវិញតំបន់ដែលងាយរងគ្រោះនឹងបរិស្ថាន ដូចជាកោះបាលី និងច្រកសមុទ្រឡុមបុកជាដើម។
ស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនានាផ្នែកបរិស្ថាន ក្រសួងកិច្ចការសមុទ្រ និងនេសាទក៏កំពុងជំរុញគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ការប្រើប្រាស់ត្រី និងលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភនៅក្នុងសហគមន៍មូលដ្ឋាន។ គំនិតផ្តួចផ្តើមទាំងនេះស្របតាមកម្មវិធី «អាហាររូបត្ថម្ភឥតគិតថ្លៃ» (MBG) របស់រដ្ឋាភិបាល ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ និងលើកកម្ពស់ធនធានមនុស្ស។
ប្រទេសឥណ្ឌូណេស៊ីក៏កំពុងចូលរួមយ៉ាងសកម្មនៅសម្ព័ន្ធអាហារពណ៌ខៀវក្នុងទឹក ដែលជាសម្ព័ន្ធភាពជាសកលដែលផ្តោតសំខាន់ទៅលើការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការកសាងភាពធន់នឹងអាកាសធាតុ និងការការពារជីវៈចម្រុះនៃមហាសមុទ្រតាមរយៈប្រព័ន្ធអាហារក្នុងទឹកប្រកបដោយនិរន្តរភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





