ឥណ្ឌូណេស៊ីជំរុញការផលិតអាគុយរថយន្តអគ្គីសនីដែលប្រើប្រាស់រ៉ែនីកែល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីកំពុងតស៊ូមតិទៅលើបទប្បញ្ញត្តិមួយចំនួនដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ឱ្យប្តូរពីអាគុយលីចូមដែលប្រើជាទូទៅទៅជាអាគុយដែលប្រើប្រាស់រ៉ែនីកែលជាមូលដ្ឋានវិញ។
អនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ (SOEs) លោក កាទីកា វីចូអាតម៉ូដចូ (Kartika Wirjoatmodjo) បាននិយាយបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាគុយអន្តរជាតិឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតាថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជំរុញឱ្យមានបទប្បញ្ញត្តិសម្រាប់រោងចក្រផលិត EV ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យាអាគុយ។
SOEs បានចូលរួមក្នុងគម្រោងអាគុយ EV មួយចំនួន ដូចជាគម្រោងរួមគ្នាជាមួយក្រុមហ៊ុន CATL និងក្រុមហ៊ុន Huayou ជាដើម ដោយលោក វីចូអាតម៉ូដចូ បានពន្យល់ដោយអំពាវនាវឱ្យមានការបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្មពាក់កណ្តាលចរន្ត។
ខណៈដែលរោងចក្រជាច្រើនដែលកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌូណេស៊ីនាពេលបច្ចុប្បន្នមានមូលដ្ឋានទៅលើប្រភេទអាគុយលីចូម លោកបានស្នើសុំការគាំទ្រពីក្រសួងផ្សេងៗទៀតដើម្បីផ្តល់ការលើកទឹកចិត្តសម្រាប់ការផ្លាស់ប្តូរទៅជាអាគុយដែលមានមូលដ្ឋានប្រើប្រាស់រ៉ែនីកែលនៅក្នុងប្រទេស។
មន្ត្រីរូបនេះបាននិយាយថា តម្រូវការអាគុយសកលលោកត្រូវបានព្យាករណ៍ថានឹងឈានដល់មានកម្លាំងថាមពល ៨.៨០០ជីហ្គាវ៉ាត់ម៉ោង (GWh) នៅត្រឹមឆ្នាំ២០៤០ ដែលធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ជាកត្តាសំខាន់ក្នុងការបំពេញតម្រូវការ។
លោកបាននិយាយបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីអាចទាញយកប្រយោជន៍ពីសន្ទុះនេះបានដោយការធានាចំពោះការផ្គត់ផ្គង់វត្ថុធាតុដើម ការកែលម្អប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហការ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





