ហ្វីលីពីន និងឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជេអ. (Ferdinand Marcos Jr.) ទៅកាន់ប្រទេសឥណ្ឌាពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នេះ ភាគីទាំងពីរបានព្រមព្រៀងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៤ សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានគ្របដណ្តប់លើវិស័យមួយចំនួន ដូចជាវិស័យការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការដែនសមុទ្រ ពាណិជ្ជកម្ម ជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាព្រហ្មទណ្ឌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បច្ចេកវិទ្យាឌីជីថល ទេសចរណ៍ ការប្រើប្រាស់ដោយសន្តិវិធីនៃលំហអាកាស និងការផ្លាស់ប្តូរវប្បធម៌ជាដើម។
កិច្ចព្រមព្រៀងដែលគួរឱ្យកត់សម្គាល់នោះរួមមាន សេចក្តីប្រកាសស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណរដ្ឋហ្វីលីពីន និងសាធារណរដ្ឋឥណ្ឌា ផែនការសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រ (ឆ្នាំ២០២៥-២០២៩) និងលក្ខខណ្ឌយោងរវាងកងទ័ពអាកាសហ្វីលីពីន និងកងទ័ពអាកាសឥណ្ឌា ស្តីពីកិច្ចពិភាក្សាកងកម្លាំងទ័ពអាកាស។
នាថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក រ៉ាន់ហៀរ ចៃស្វាល់ (Randhir Jaiswal) បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) និងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជេអ. បានរួមគ្នាសម្ពោធតែមស៍ប្រៃសណីយ៍រំលឹកខួបលើកទី៧៥ នៃទំនាក់ទំនងការទូត។ តែមស៍ប្រៃសណីយ៍ដែលមានរូបផ្កាឈូកជាតំណាងជាតិនៃប្រទេសឥណ្ឌា និងរូបផ្កាម្លិះសំប៉ាហ្គីតា ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងវប្បធម៌ជិតស្និទ្ធ និងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនោះក៏បានស្វាគមន៍ចំពោះលទ្ធភាពនៃការហោះហើរត្រង់រវាងឥណ្ឌា និងហ្វីលីពីនផងដែរនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប្រទេសឥណ្ឌាបានប្រកាសផ្តល់ទិដ្ឋាការទេសចរណ៍អេឡិចត្រូនិកដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋហ្វីលីពីន ខណៈដែលហ្វីលីពីនបានអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាចូលទៅក្នុងប្រទេសដោយលើកលែងទិដ្ឋាការសម្រាប់រយៈពេលអតិបរមា ១៤ថ្ងៃ។ វិធានការទាំងនេះត្រូវបានរំពឹងថានឹងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីភ្ជាប់ប្រព័ន្ធទូទាត់របស់ភ្ញៀវទេសចរទាំងពីរប្រទេសផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានហៅដំណើរទស្សនកិច្ចរបស់មេដឹកនាំហ្វីលីពីននោះថា «ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់» ហើយបានគូសបញ្ជាក់ពីទំនាក់ទំនងវប្បធម៌ដ៏យូរអង្វែងរបស់ប្រទេសនេះដែលមានតាំងពីបុរាណកាលមក។ លោកក៏បានអំពាវនាវឱ្យបញ្ចប់ទៅលើការពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌាស្តីពីទំនិញ (AITIGA) ផងដែរ និងបន្តទៅមុខជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយហ្វីលីពីន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





