កំណែទម្រង់ជួយអាស៊ានឆ្លើតបទៅនឹងភាពមិនប្រាកដប្រជាជាសកល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី លោក ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Zafrul Abdul Aziz) បានអំពាវនាវឱ្យរដ្ឋជាសមាជិកអាស៊ានអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីបង្កើនភាពធន់ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាសកល និងការផ្លាស់ប្តូរផ្នែកភូមិសាស្ត្រនយោបាយ។
ថ្លែងសុន្ទរកថានៅក្នុងសន្និសីទគោលនយោបាយសាធារណៈ PRAXIS 2025 កាលពីថ្ងៃទី០៧ ខែសីហា ឆ្នា២០២៥ លោកបាននិយាយថា វាមានតម្លៃនៅក្នុងឆន្ទៈក្នុងកិច្ចសន្ទនាជាមួយដៃគូដែលមានគំនិតដូចគ្នាទាំងអស់ និងក្នុងការរក្សាគោលការណ៍នៃការមិនចូលបក្សសម្ព័ន្ធ។
លោករដ្ឋមន្ត្រីបាននិយាយថា អាស៊ាននៅតែរក្សាភាពដដែលក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយលោកបាននិយាយថា ពន្ធគយបានបង្កបញ្ហាប្រឈមដល់ការរួបរួម និងភាពស៊ីសង្វាក់គ្នារបស់ប្លុក ប៉ុន្តែវានៅតែប្រកាន់ខ្ជាប់នូវវិធីសាស្រ្តមិនសងសឹករបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ លោកបាននិយាយថា ម៉ាឡេស៊ីនៅតែផ្តោតសំខាន់ទៅលើការផ្តល់នូវប្លង់មេនៃការផ្លាស់ប្តូរសំខាន់ៗ ដូចជាផែនការមេឧស្សាហកម្មថ្មីឆ្នាំ២០៣០ និងផែនការម៉ាឡេស៊ីទី១៣ ដែលលើកកម្ពស់នវានុវត្តន៍ បរិយាប័ន្ន និងភាពធន់រយៈពេលវែង។
លោកបាននិយាយថា ប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៩ នៅក្នុងតំបន់ ខណៈដែលប្រទេសនេះនៅតែមានស្ថិរភាពក្នុងការគាំទ្ររបស់ខ្លួនចំពោះសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកលលោក ដែលមានការបើកចំហ តម្លាភាព និងផ្អែកលើច្បាប់។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ លោក ហ្សាហ្រ្វុល បាននិយាយថា ម៉ាឡេស៊ីបានដាក់ដាក់ចេញនូវការផ្តល់អាទិភាពចំនួន១៨ ទៅលើវិស័យសេដ្ឋកិច្ច ជាមួយនឹងជាងពាក់កណ្តាលនៃគោលដៅទាក់ទងនឹងពាណិជ្ជកម្មដែលបានជួបរួចហើយ រួមទាំងការបញ្ចប់កិច្ចចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។
កិច្ចព្រមព្រៀងដែលបានធ្វើឱ្យប្រសើរឡើងទាំងនោះ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យសេវាកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងសហគ្រាសធុនតូច និងមធ្យម។ នេះជាការបោះជំហានឆ្ពោះទៅមុខក្នុងការប្រែក្លាយអាស៊ានទៅជាប្លុកសេដ្ឋកិច្ចដ៏ស្អិតរមួតមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





