រវ៉ាន់ដាយល់ព្រមទទួលជនចំណាកស្រុករហូតដល់ ២៥០នាក់ក្រោមកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- យោងតាមមន្ត្រីរដ្ឋាភិបាលរវ៉ាន់ដាបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរវ៉ាន់ដាបានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការទទួលជនចំណាកស្រុករហូតដល់២៥០នាក់ ដោយប្រទេសនេះបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនក្នុងការជួយដល់ប្រជាជនផ្លាស់ទីលំនៅ និងការលើកកម្ពស់ការធ្វើសមាហរណកម្មឡើងវិញ។
អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី យ៉ូឡានដេ ម៉ាកូឡូ (Yolande Makolo) បានប្រាប់ទូរទស្សន៍ជាតិ Rwanda TV ថា «ស្ទើរតែគ្រប់គ្រួសារនៅក្នុងប្រទេសរវ៉ាន់ដាបានជួបប្រទះនឹងការលំបាកនៃការផ្លាស់ទីលំនៅ ហើយតម្លៃសង្គមរបស់យើងត្រូវបានបង្កើតឡើងនៅលើសមាហរណកម្ម និងការស្តារឡើងវិញ»។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសរវ៉ាន់ដារក្សាសិទ្ធិអំណាចក្នុងការត្រួតពិនិត្យ និងការអនុម័តនីមួយៗដែលបានស្នើឡើងសម្រាប់ការតាំងទីលំនៅថ្មី។
លោកស្រីបាននិយាយថា «អ្នកដែលត្រូវបានអនុម័តនឹងត្រូវបានផ្តល់ការបណ្តុះបណ្តាលកម្លាំងពលកម្ម ការថែទាំសុខភាព និងការគាំទ្រកន្លែងស្នាក់នៅ ដើម្បីចាប់ផ្តើមជីវិតរបស់ពួកគេនៅក្នុងប្រទេសរវ៉ាន់ដា ដោយផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរួមចំណែកដល់សេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយនៅក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ»។
យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឱ្យដឹងថា ចន្លោះខែកញ្ញា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២៥ ប្រទេសរវ៉ាន់ដាបានទទួលជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ២.៧៦០នាក់ដែលត្រូវបានជម្លៀសចេញពីប្រទេសលីប៊ីតាមរយៈយន្តការឆ្លងកាត់គ្រាអាសន្ន និងជើងហោះហើរជម្លៀសចំនួន២១លើក។
ភាគច្រើននៃអ្នកដែលត្រូវបានជម្លៀសចេញគឺមានប្រទេសអេរីទ្រាសូម៉ាលី ស៊ូដង់ អេត្យូពី ស៊ូដង់ខាងត្បូង កាមេរូន នីហ្សេរីយ៉ា ម៉ាលី និងឆាដ។គិតត្រឹមខែមេសា ឆ្នាំ២០២៥ មនុស្សជាង ២.១០០នាក់ក្នុងចំណោមពួកគេត្រូវបានតាំងទីលំនៅថ្មីទៅកាន់ប្រទេសទីបី។ នេះបើយោងតាម UNHCR ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





