សិង្ហបុរីនឹងចាប់ផ្តើមបើកការពិនិត្យមើលទៅលើយុទ្ធសាស្ត្រសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសសិង្ហបុរីនឹងអនុវត្តការពិនិត្យមើលឡើងវិញថ្មីនៃយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ខ្លួន ដោយគណៈកម្មាធិការដែលត្រូវបានបង្កើតឡើងដើម្បីបង្កើតផែនការរយៈពេលវែងក្នុងវិស័យចំនួន៥ ដែលរួមមានទាំងការពង្រឹងការប្រកួតប្រជែងជាសកលរបស់ប្រទេស និងការកែលម្អប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មរបស់ខ្លួនផងដែរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក ហ្គែន គីមយ៉ុង (Gan Kim Yong) ដែលបានប្រកាសពីការពិនិត្យមើលឡើងវិញនេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បាននិយាយថា ខ្លួននឹងរៀបចំផែនការសេដ្ឋកិច្ចដែលនឹងអនុញ្ញាតឱ្យយើងរក្សាបាននូវការប្រកួតប្រជែងជាសកលក្នុងរយៈពេលវែង ហើយធានាបាននូវឱកាសល្អសម្រាប់ប្រទេសសិង្ហបុរី និងប្រជាជនសិង្ហបុរី។
លោក ហ្គែន ក៏ជាប្រធានក្រុមការងារទប់ទល់សេដ្ឋកិច្ចសិង្ហបុរីដែលត្រូវបានបង្កើតឡើងកាលពីក្នុងខែមេសា ដោយសារការប្រឈមមុខនឹងភាពមិនច្បាស់លាស់ដែលជំរុញដោយពន្ធគយផងដែរ។
ដំណើរការវាយតម្លៃនឹងរួមបញ្ចូលនូវកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយក្រុមហ៊ុនធុរកិច្ច អ្នកធ្វើការងារ និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀតក្នុងប៉ុន្មានខែខាងមុខនេះ។ គណៈកម្មាធិការនោះនឹងបោះពុម្ពរបាយការណ៍ចុងក្រោយរបស់ខ្លួនជាមួយនឹងអនុសាសន៍របស់ពួកគេនៅពាក់កណ្តាលឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





