ឥណ្ឌូណេស៊ីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ប្រេង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- លោក ហាស៊ីម ឌីចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) បេសកជនពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបន្ទុកថាមពល និងបរិស្ថាន បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីទទួលបានប្រេងចំនួន ១៥០លានបារ៉ែលពីប្រទេសរុស្ស៊ីក្នុងតម្លៃពិសេស។
ទីភ្នាក់ងារសារព័ត៌មាន Antara របស់ឥណ្ឌូណេស៊ីបានដកស្រង់សម្តីមន្ត្រីរូបនេះដែលបាននិយាយថា «ឥឡូវនេះ ប្រទេសឥណ្ឌូណេស៊ីទទួលបានការប្តេជ្ញាចិត្តពីរដ្ឋាភិបាលរុស្ស៊ី - ប្រេង ១៥០លានបារ៉ែលដែលយើងអាចរក្សាទុកក្នុងស្រុក ដើម្បីព្យាករណ៍ពីភាពចលាចលសេដ្ឋកិច្ចដែលអាចកើតមាន»។
លោក ឌីចូចូហាឌីគូស៊ូម៉ូ បានពន្យល់ថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ(Prabowo Subianto) ទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៣ ខែមេសា។ដូច្នេះ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ថាមពលជំនួសសម្រាប់ប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលវិបត្តិថាមពលសកលលោកដែលកំពុងបន្ត។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះរក្សាការឧបត្ថម្ភធនប្រេងឥន្ធនៈយ៉ាងច្រើន ហើយបើទោះបីជាជាអ្នកផលិតប្រេងក៏ដោយ ក៏នៅតែជាអ្នកនាំចូលប្រេងឥន្ធនៈសុទ្ធដែរ។
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ (ESDM) លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) បានឱ្យដឹងថា ប្រទេសនេះប្រើប្រាស់ប្រេងឥន្ធនៈប្រហែល ១,៦លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលផលិតកម្មក្នុងស្រុកមានត្រឹមតែប្រហែល ៦០០.០០០បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប្រហែល ២០–២៥% នៃការនាំចូលប្រេងឆៅរបស់ខ្លួន គឺបានមកពីមជ្ឈិមបូព៌ា ហើយឆ្លងកាត់ច្រកសមុទ្រហ័រមុស។
ជាលទ្ធផល ដូចដែលប្រទេសជាច្រើនទៀតដែរ ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីការកើនឡើងនៃតម្លៃប្រេងសកលលោក ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ហើយកំពុងធ្វើការដើម្បីធានាអ្នកផ្គត់ផ្គង់ជំនួស៕





