ឯកឧត្តម ឌិត ទីណា ជំរុញការងារកែទម្រង់សេវាសាធារណៈនៅបន្ទាយមានជ័យ ឆ្ពោះទៅខេត្តគំរូ
AKP បន្ទាយមានជ័យ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៥–
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នៅសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥នេះ។

កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ត្រីរាជការទាំងអស់ ដែលបានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានលើកទឹកចិត្តឲ្យបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីលើកកម្ពស់ការផ្តល់សេវាឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងរិះរកវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពដល់ទីតាំងផ្ទាល់ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានជាអតិបរមា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធីឲ្យបន្តកសាងសមិទ្ធផលបន្ថែមទៀតលើវិស័យដទៃទៀត រួមមានសេដ្ឋកិច្ច សង្គម ការអប់រំ និងសុខាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់លើការពង្រឹងការងារ ភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ឯកឧត្តមបានណែនាំឲ្យរៀបចំជា ផែនការមេ ដើម្បីដោះស្រាយបញ្ហាជាប្រយោជន៍សាធារណៈ។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការយកចិត្តទុកដាក់ខ្ពស់លើការទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋ ដោយត្រូវឆ្លើយតបឲ្យចំគោលដៅ ទាន់ពេលវេលា វាយតម្លៃច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានអនុវត្តការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជំរុញការផ្សព្វផ្សាយនូវការខិតខំប្រឹងប្រែងទាំងនេះ និងលើកទឹកចិត្តឲ្យបន្តការងារបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជា ខេត្តគំរូ លើការផ្តល់សេវាសាធារណៈល្អដាច់គេ។
ក្នុងឱកាសនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលបានដឹកនាំ និងផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់ទិសដៅការងាររបស់ខេត្ត។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាថា រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារទាំងអស់ នឹងបន្តអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួន និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តបន្ទាយមានជ័យឲ្យកាន់តែរីកចម្រើនស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអ៊ុ រាត្រី ក៏បានគូសបញ្ជាក់ពីកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបាននូវលទ្ធផលជាទីគាប់ចិត្តនាពេលកន្លងមក និងសម្រាប់បន្តទៅមុខទៀត៕
ដោយ៖ ឈុន សារ៉ាត





