សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខែកក្កដា បានក្លាយជាពេលវេលាមួយ ដែលមានអត្ថន័យសំខាន់ធំធេញ សម្រាប់ជាតិយើង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខែកក្កដា បានក្លាយជាពេលវេលាមួយ ដែលមានអត្ថន័យសំខាន់ធំធេញ សម្រាប់ជាតិយើង ដោយហេតុថា ក្នុងខែនេះសម្បត្តិបេតិកភណ្ឌជាតិ ចំនួន៣ ត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោក ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ សម្តេចធិបតី បានរំលឹកថា ជោគជ័យនៃការចុះបញ្ជីទីតាំងទាំងបី នៃបូជនីយដា្ឋនចងចាំនៃកម្ពុជា ដែលរួមមានអតីត មន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានធ្វើការណែនាំ កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៩ ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ សិក្សាបញ្ចូលទីតាំង សារមន្ទីរទួលស្លែង ស២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូនីស្កូ ដើម្បីទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា«ខែកក្កដា បានក្លាយជាពេលវេលាមួយ ដែលមានអត្ថន័យសំខាន់ធំធេញ សម្រាប់ជាតិយើង ដោយហេតុថា ក្នុងខែនេះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោក ទី១ប្រាសាទព្រះវិហារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ទី២តំបន់ប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧ ហើយទី៣ គឺបូជនីយដា្ឋនចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ដែលចុះពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ»។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានា ដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា នាអំឡុងជាង៥០០ឆ្នាំចុងក្រោយមកនេះ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





