ឯកឧត្តម អ៊ុំ រាត្រី ចុះពិនិត្យស្ថានភាពច្រកព្រំដែនប៉ោយប៉ែត ក្រោយការបិទរបស់ភាគីថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចបិទច្រកព្រំដែនដោយឯកតោភាគីអស់មួយរយៈរហូតមកដល់បច្ចុប្បន្ន និងអមដំណើរដោយលោក លៀម សុដា អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលនៃអភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី ឡាយ គឹមហួត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រួមជាមួយមន្ត្រីនានាប្រចាំច្រកប៉ោយប៉ែតផងដែរ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម អ៊ុំ រាត្រី បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់មន្ត្រីសមត្ថកិច្ចទាំងអស់ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យ នៅតាមបណ្ដោយព្រំដែន ទោះបីជាមានការបិទច្រកពីសំណាក់ភាគីថៃក្ដី។

ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការងារការពារព្រំដែនឱ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យមន្ត្រីទាំងអស់បន្តសហការល្អ ជាមួយភាគីថៃតាមរយៈយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ឯកឧត្តមបានគូសបញ្ជាក់ថា «យើងត្រូវតែរក្សាបាននូវភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់ល្អនៅតាមព្រំដែន។ ទោះបីជាមានការលំបាកដោយសារការបិទច្រកនេះក្ដី ក៏យើងនៅតែបន្តបំពេញតួនាទីរបស់យើងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង» ព្រមទាំងបានលើកទឹកចិត្តមន្ត្រីទាំងអស់ឱ្យបន្តអត់ធ្មត់ និងខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរ។
ស្ថានភាពនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់តាំងពីទាហានថៃបានសម្រេចបិទច្រកព្រំដែនដោយឯកតោភាគីមក ស្ថានភាពនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រឈមនឹងបញ្ហាមួយចំនួនគួរឱ្យកត់សម្គាល់។ សកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងកាត់ ត្រូវបានរំខានយ៉ាងខ្លាំង ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទាំងសងខាងព្រំដែន ជាពិសេសអ្នករកស៊ីតូចតាច និងកម្មករចំណាកស្រុក។

ទោះជាយ៉ាងណា ក្រោយការបិទនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងកងកម្លាំងមានសមត្ថកិច្ចនៅច្រកទ្វារប៉ោយប៉ែត បានបន្ត រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយពង្រឹងការល្បាត និងការត្រួតពិនិត្យដើម្បីទប់ស្កាត់អំពើខុសច្បាប់នានា។ ស្ថានភាពទូទៅនៅតាមបណ្ដោយព្រំដែននៅតែស្ថិតក្នុងភាពស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន។
ការចុះពិនិត្យរបស់ឯកឧត្តមអភិបាលខេត្តនាពេលនេះ គឺដើម្បីវាយតម្លៃដោយផ្ទាល់នូវស្ថានការណ៍ជាក់ស្ដែង និងផ្ដល់ការណែនាំចាំបាច់ដល់មន្ត្រីក្រោមឱវាទក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។ នេះក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តចំពោះសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនផងដែរ៕
ដោយ ឈុន សារ៉ាត





