បង្ក្រាបបទល្មើសឆបោកអនឡាញទ្រង់ទ្រាយធំនៅក្រុងប៉ោយប៉ែតឃាត់ខ្លួន ជនជាតិឥណ្ឌូនេស៊ី ២៧១ នាក់
AKPបន្ទាយមានជ័យថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥--អនុវត្តបទបញ្ជារបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន ២៧១ នាក់ (ស្រី ៤៥ នាក់)។

ប្រតិបត្តិការដ៏មុតស្រួចនេះ ធ្វើឡើងភ្លាមៗ ក្រោយពីមានបទបញ្ជាផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសបច្ចេកវិទ្យា។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមយ៉ាងសកម្មពីក្រុមការងារខេត្ត។ ការអនុវត្តផ្ទាល់បានធ្វើឡើងដោយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលផ្នែកច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

គោលដៅនៃប្រតិបត្តិការនេះ គឺស្ថិតនៅអគារអនឡាញមួយកន្លែង លើផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ អគារកម្ពស់ ៣ ជាន់នេះ មានបន្ទប់ចំនួន ៧០ ដោយជាន់ទី ១ និងទី ២ ត្រូវបានប្រើជាបន្ទប់ស្នាក់នៅ រីឯជាន់ទី ៣ គឺជាបន្ទប់លួចលាក់សម្រាប់ធ្វើសកម្មភាពឆបោកតាមអនឡាញ។
ក្នុងពេលចុះបង្ក្រាប សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីសរុប ២៧១ នាក់ រួមទាំងស្រី ៤៥ នាក់។ ជាមួយគ្នានេះ វត្ថុតាងសំខាន់ៗជាច្រើនក៏ត្រូវបានដកហូតផងដែរ រួមមាន៖ កុំព្យូទ័រសរុបចំនួន ៣៤១ គ្រឿង និង ទូរស័ព្ទចំនួន ៣៥២ គ្រឿង ដែលសុទ្ធសឹងជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា «ប្រតិបត្តិការនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការបោសសម្អាតបទល្មើសឆបោកតាមអនឡាញ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់ប្រទេសជាតិ។ យើងនឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដោយគ្មានការលើកលែង»។

ចំណែកឯ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា «កិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ គឺជាគន្លឹះជោគជ័យក្នុងការបង្ក្រាបបទល្មើសដ៏ស្មុគស្មាញនេះ។ យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនឱ្យបានកាន់តែមានប្រសិទ្ធភាព។ ករណីនេះ ជនល្មើសទាំងអស់នឹងត្រូវចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។»
ការកើនឡើងនៃបទល្មើសឆបោកតាមអនឡាញ បានក្លាយជាក្តីបារម្ភជាសកល ដែលទាមទារនូវការឆ្លើយតបយ៉ាងខ្លាំងក្លាពីអាជ្ញាធរ។ បទល្មើសប្រភេទនេះ មិនត្រឹមតែបង្កការខូចខាតផ្នែកហិរញ្ញវត្ថុដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ស្ថិរភាពសង្គម និងជំនឿទុកចិត្តលើប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ការបង្ក្រាបនៅក្រុងប៉ោយប៉ែតនេះ គឺជាសារមួយយ៉ាងច្បាស់លាស់ថា កម្ពុជានឹងមិនអត់ឱនចំពោះក្រុមជនល្មើសទាំងឡាយណាដែលប៉ុនប៉ងប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសនោះទេ។

ក្រោយពីការឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីទាំង ២៧១ នាក់នេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីសាកសួរ និងពង្រីកការស៊ើបអង្កេត ស្វែងរកបណ្តាញពាក់ព័ន្ធផ្សេងទៀត។ ករណីនេះ ក៏ជាការក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលផ្សេងៗនៃបទល្មើសឆបោកតាមអនឡាញ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ដើម្បីសន្តិសុខសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ឈុនសារ៉ាត





