ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ឱ្យពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ឱ្យពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត ព្រោះអ្នកដឹកនាំត្រូវសម្រេចិត្តរាល់ពេល និងត្រូវសម្រេចចិត្តឱ្យត្រូវ និងទាន់សភាពការណ៍។
ការណែនាំនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៨៨នាក់ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តីបានពន្យល់បកស្រាយលម្អិតពីចំណុចទាក់ទងនឹងចក្ខុវិស័យដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងារ ក្នុងចំណោមចំនុចសំខាន់ៗទាំងបី រួមមាន៖ (១) ចក្ខុវិស័យ (២) យុទ្ធសាស្រ្ត និង(៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ។ អ្នកដឹកនាំពិតប្រាកដ ខុសពីអ្នកដឹកនាំសាមញ្ញ ត្រង់ថា អ្នកដឹកនាំពិតប្រាកដមានសមត្ថភាពផ្តល់ចក្ខុវិស័យ ដែលជាការប្រមើមើលទៅអនាគតបានវែងឆ្ងាយ ដូចជាក្នុង២០ឆ្នាំខាងមុខ ដល់អ្នកក្រោមបង្គាប់ និងអ្នកជុំវិញខ្លួន ដើម្បីឱ្យមានការឯកភាពជាធ្លុងមួយក្នុងការសម្រេចចក្ខុវិស័យនោះ។ ចក្ខុវិស័យ គឺជាគោលដៅរួមមួយ ដែលកើតចេញពីការផ្គុំឡើងពីគោលការណ៍ និងគុណតម្លៃច្បាស់លាស់។ ចក្ខុវិស័យកាន់តែច្បាស់ លទ្ធភាពក្នុងការទទួលជោគជ័យក៏កាន់តែច្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យចាក់ផ្សាយនូវបទបាឋកថារបស់ឯកឧត្តម ទាក់ទងនឹងទស្សនវិជ្ជាដែលជាទុនក្នុងការគិតឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។ អ្នកដឹកនាំពិតប្រាកដ ត្រូវស្វែងយល់ពីសាវតានៃបញ្ហា ឬស្ថានការណ៍ និងដំណើរវិវត្តឱ្យបានទូលំទូលាយ មុននឹងធ្វើការវិនិច្ឆ័យ និងសម្រេចចិត្ត។ យើងមិនអាចមើលតែលើទម្រង់ (form) ដូចជារូបសម្បត្តិ តែមិនគិតដល់សារជាតិ ឬខ្លឹមសារ (substance) ដូចជាអត្តចរិតរបស់បុគ្គលនោះទេ។ ទម្រង់មានការប្រែប្រួលលឿន និងងាយមើលឃើញ តែសារជាតិ ឬខ្លឹមសារមិនងាយប្រែប្រួល និងមានភាពយូរអង្វែង។
ជាមួយគ្នានេះដែរ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីលើកកម្ពស់គុណភាពសេវាផ្នែកឱសថដែលមានកម្រិតទាប របស់មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុនសែន កោះស្លា នៃខេត្តកំពតផងដែរ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





