លោក កែ សួន សុភាព ចែកអំណោយជូនអតីតយុទ្ធជន នៅបន្ទាយមានជ័យ ដើម្បីបង្ហាញពីការដឹងគុណ
AKPបន្ទាយមានជ័យ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥--លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្ត បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងចែកអំណោយជាច្រើនដល់គ្រួសារអតីតយុទ្ធជនចំនួន ៣០៦ គ្រួសារ នៅមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៥នេះ។

ពិធីនេះធ្វើឡើងដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់អតីតយុទ្ធជន ដែលបានរួមចំណែកយ៉ាងធំធេងដល់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងជាប្រធានលេខាធិការដ្ឋានអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។
ក្នុងឱកាសនោះ លោក កែ សួន សុភាព បានថ្លែងនូវការកោតសរសើរ និងដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះវីរភាព និងការលះបង់របស់អតីតយុទ្ធជនទាំងអស់។ លោកបានសង្កត់ធ្ងន់ថា៖ «បងប្អូនអតីតយុទ្ធជនទាំងអស់ គឺជាវីរបុរសពិតប្រាកដ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព និងការបង្រួបបង្រួមជាតិ។ បើគ្មានការលះបង់របស់បងប្អូនទេ ប្រទេសជាតិយើងក៏គ្មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ។»

លោកក៏បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តជានិច្ចកាលបានគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។
លោកបានលើកទឹកចិត្តឲ្យអតីតយុទ្ធជនទាំងអស់ បន្តរក្សាសុខភាពល្អ និងចូលរួមចំណែកក្នុងសកម្មភាពសង្គមតាមលទ្ធភាព ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ។
អំណោយដែលបានចែកជូនដល់គ្រួសារអតីតយុទ្ធជនទាំង ៣០៦ គ្រួសារ ទទួលបានពីទឹកចិត្តសប្បុរសធម៌របស់លោក កែ សួន សុភាព និងលោកស្រី ព្រហ្ម រដ្ឋា រួមមានឃីត ១ កញ្ចប់, ទឹកបរិសុទ្ធ ១ យួរ, សារុង ១,កាបូប ១,នំសម្រាប់ក្មេង ១ ថង់, ប្រហុក ១ គីឡូក្រាមនិង ថវិកា ២០,០០០ រៀល។
តំណាងអតីតយុទ្ធជនមួយរូប ដែលបានទទួលអំណោយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែ សួន សុភាព និងលោកស្រី ព្រហ្ម រដ្ឋា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរបស់ពួកគាត់។ លោកបានសម្តែងក្តីរំភើប និងបញ្ជាក់ថា អំណោយទាំងនេះពិតជាមានតម្លៃ និងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារពួកគាត់បានមួយកម្រិត។ លោកក៏បានប្ដេជ្ញាបន្តគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅមុខទៀត។

សូមជម្រាបថាពិធីចែកអំណោយនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសង្គមទាំងមូល ចំពោះគុណូបការៈរបស់អតីតយុទ្ធជន ដែលបានពលីដើម្បីជាតិមាតុភូមិ។ នេះជាការបង្ហាញពីទឹកចិត្តដឹងគុណ ដែលនឹងបន្តជាកម្លាំងចលករជំរុញទឹកចិត្តដល់មនុស្សជំនាន់ក្រោយ ឲ្យបន្តថែរក្សានូវសុខសន្តិភាពដែលរកបានដោយលំបាកនេះ៕
ដោយ៖ ឈុនសារ៉ាត





